របាយការណ៍មួយបង្ហាថា TikTok នឹងជួយបង្កើតការលក់បានរហូតដល់ ៧៧ពាន់លានដុល្លារនៅលើពិភពលោក ត្រឹមឆ្នាំ២០២៧ ខាងមុខនេះ
- BY
- Pheakdey
- March 4, 2025
អាមេរិក៖ TikTok បានក្លាយជាប្រព័ន្ធផ្សព្វផ្សាយដ៏មានសក្តានុពលមួយនៅលើពិភពក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ និងបានជួយឱ្យក្រុមអ្នកលក់ Online មួយចំនួនទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ពួកគេយ៉ាងខ្លាំង តាមរយៈការ Live លក់ផលិតផលផ្សេងៗនៅលើបណ្តាញសង្គមមួយនេះ។ យោងតាមរបាយការណ៍មួយ ដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៤ ខែមីនានេះបានឱ្យដឹងថា ក្នុងរយៈពេលត្រឹមតែ ១ត្រីមាសប៉ុណ្ណោះកាលពីឆ្នាំ២០២៣ កន្លងទៅ TikTok បានជួយបង្កើតការលក់ក្នុងទំហំទឹកប្រាក់រហូតដល់ ១,៧ពាន់លានដុល្លារ។

ប្រភពខាងលើបានបញ្ជាក់ថា ការលក់ដែលមានទំហំទឹកប្រាក់រហូតដល់ ១,៧ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែ ៣ខែនេះ ជាការលក់នៅជុំវិញពិភពលោក ខណៈនៅក្នុងនោះការលក់ប្រមាណជា ៤០០លានដុល្លារ គឺជាលក់នៅក្នុងទឹកដីសហរដ្ឋអាមេរិក។ នៅក្នុងពាក្យបណ្តឹងមួយទៅកាន់តុលាការអាមេរិកកាលពីពេលថ្មីៗនេះបង្ហាញថា នៅត្រឹមឆ្នាំ២០២៧ខាងមុខនេះ បណ្តាញសង្គម TikTok អាចនឹងបង្កើតការលក់បានរហូតដល់ ៧៧ពាន់លានដុល្លារនៅជុំវិញពិភពលោក ដែលជាទំហំទឹកប្រាក់ដ៏ធំបំផុតមួយ បើធៀបទៅនឹងការលក់តាមបណ្តាញសង្គមផ្សេងៗទៀត។ យោងតាមស្ថិតិរបស់គេហទំព័រ SEO.AI បានបង្ហាញថា គិតត្រឹមដើមឆ្នាំ ២០២៥នេះ បណ្តាញសង្គម TikTok មានអ្នកប្រើប្រាស់ជិត ២ពាន់លាននាក់នៅជុំវិញពិភពលោក ហើយតាមការព្យារកណ៍គឺតួលេខអ្នកប្រើប្រាស់អាចនឹងកើនឡើងដល់ខ្ទង់ជាង ២,២ពាន់លាននាក់នៅជុំវិញពិភពលោក៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






