អន្តរជាតិ

ច្បាប់ដំឡើងពន្ធនាំចូលលើផលិតផលអាមេរិកពី ១០-១៥% របស់អាជ្ញាធរចិន បានចូលជាធរមាន

BY
Pheakdey
March 4, 2025

ចិន៖ ច្បាប់ដំឡើងពន្ធលើផលិតផលអាមេរិកពីចំនួន ១០-១៥% របស់អាជ្ញាធរចិនបានចូលជាធរមាននៅក្នុងថ្ងៃទី៤ ខែមីនានេះហើយ ខណៈច្បាប់នេះត្រូវបានមើលឃើញថា​ គឺជាការសងសឹកយ៉ាងឆាប់រហ័សមួយទៅកាន់រដ្ឋបាលរបស់ ដូណាល់ ត្រាំ ដែលសម្រេចដំឡើងពន្ធលើផលិតចិនរហូតដល់ ២៥%​ពីលើអត្រាពន្ធចាស់។ ស្របពេលដែលច្បាប់ដំឡើងពន្ធនេះចូលជាធរមាន រដ្ឋាភិបាលចិនក៏បានប្រកាសដាក់ក្រុមហ៊ុនធំៗចំនួន ២៥របស់អាមេរិកចូលក្នុងបញ្ជីជាក្រុមហ៊ុនត្រូវតាមដាននិងស៊ើបអង្កេតផងដែរ។

យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៤ ខែមីនានេះបានបញ្ជាក់បន្ថែមថា នៅក្នុងចំណោមក្រុមហ៊ុនអាមេរិកទាំង ២៥នោះ មានក្រុមហ៊ុនចំនួន ១០គឺជាក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងករណីលក់គ្រឿងសព្វាវុធទៅកាន់កោះតៃវ៉ាន់។ សូមបញ្ជាក់ជូនថា ច្បាប់ដំឡើងអាត្រាពន្ធ ១៥%ពីសំណាក់អាជ្ញាធរចិ​ននឹងអនុវត្តចំពោះផលិតអាមេរិកមួយចំនួនដូចជា សាច់មាន់ ស្រូវសាលី ពោត និងកប្បាស ខណៈច្បាប់ដំឡើងអត្រាពន្ធចំនួន ១០% នឹងត្រូវអនុវត្តចំពោះផលិតផលដូចជា សណ្តែកសៀង ស្ពៅ សាច់ជ្រូក សាច់គោ ត្រី បន្លែ ផ្លែឈើ និងផលិតផលទឹកដោះសត្វជាដើម៕

អត្ថបទ៖​ ភក្តី

ប្រភព៖ The Strait Time

Share This Post: