អន្តរជាតិ

យន្តហោះយោធាកូរ៉េខាងត្បូងមួយគ្រឿងច្រឡំទម្លាក់គ្រាប់ទៅលើផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យមនុស្ស ១៥នាក់រងរបួស

BY
Pheakdey
March 6, 2025

កូរ៉េខាងត្បូង៖ យន្តហោះចម្បាំងមួយគ្រឿងរបស់យោធាកូរ៉េខាងត្បូងបានច្រឡំទម្លាក់គ្រាប់បែកដោយអចេតនាទៅលើផ្ទះប្រជាពលរដ្ឋនិងបណ្តាលឱ្យមានមនុស្សចំនួន ១៥នាក់បានរងរបួស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា។ នៅក្នុងចំណោមជនរងគ្រោះទាំង ១៥នាក់នោះ គឺមានជនរងគ្រោះចំនួន ២នាក់ បានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យផងដែរ។

ប្រភពខាងលើបានបន្តថា យន្តហោះចម្បាំងខាងលើនេះ គឺជាយន្តហោះប្រភេទ KF-16 Jets របស់កងទ័ពជើងអាកាសកូរ៉េខាងត្បូង ដែលកំពុងប្រើប្រាស់ក្នុងការធ្វើសមយុទ្ធយោធានៅក្នុងតំបន់ Pocheon ដែលមានចម្ងាយប្រមាណជា ៤០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល។ បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា ក្នុងអំឡុងពេលកំពុងធ្វើសមយុទ្ធនោះស្រាប់តែអ្នកបើកបរយន្តហោះចម្បាំងច្រឡំចុចទម្លាក់គ្រាប់បែកប្រភេទ Mk82 ដែលមានទង្ងន់ ២២៥គីឡូក្រាមចំនួន ៨គ្រាប់ទៅកាន់តំបន់ដែលមានប្រជាពលរដ្ឋកំពុងរស់នៅ ហើយហេតុការណ៍នេះបានធ្វើឱ្យផ្ទះជាច្រើនខ្នង និងព្រះវិហារមួយកន្លែងបានរងនូវការខូតខាតយ៉ាងខ្លាំង ខណៈពលរដ្ឋចំនួន ១៥នាក់រងរបួស៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: