ថ្មីទៀតហើយ! នៅអាមេរិក បុរសជាចោរម្នាក់ បន្លំលេបក្រវិលពេជ្រតម្លៃ ៧៧ម៉ឺនដុល្លារចូលទៅក្នុងពោះ
- BY
- Pheakdey
- March 6, 2025
អាមេរិក៖ ប៉ូលិសអាមេរិកទើបបំបែកសំណុំរឿងចោរលួចពេជ្រដ៏កម្រមួយ ដែលចោរបានធ្វើសកម្មភាពលេបពេជ្រចូលទៅក្នុងពោះហើយគេចខ្លួនចេញពីហាងលក់គ្រឿងអលង្ការដោយសុវត្ថិភាព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា។ ករណីចោរកម្មដ៏ចម្លែកនេះបានកើតឡើងនៅក្នុងហាងលក់គ្រឿងអលង្ការ Tiffany ស្ថិតនៅក្នុងរដ្ឋ Florida កាលពីថ្ងៃទី ២៦ ខែកុម្ភៈកន្លងទៅនេះ។
បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា បុរសជាចោរលួចមានឈ្មោះថា Jaythan Gilder អាយុ ៣២ឆ្នាំ ហើយនៅក្នុងថ្ងៃកើតហេតុនោះគាត់បានបន្លំខ្លួនធ្វើជាអ្នកដំណាងឱ្យកីឡាបាល់បោះម្នាក់មកពីក្រុមបាល់បោះ Orlando Magic នៃក្របខណ្ឌ NBA ដើម្បីដើរចូលទៅក្នុងហាង និងដើរមើលគ្រឿងអលង្ការប្រណិតៗជាច្រើនឈុត។ ក្នុងអំឡុងពេលដើរមើលគ្រឿងអលង្ការនោះលោក Jaythan Gilder បានលេបក្រវិលពេជ្រមួយគូ ដែលមានតម្លៃ ៧៧ម៉ឺនដុល្លារចូលទៅក្នុងពោះរបស់គាត់ ហើយក៏បានគេចខ្លួនយ៉ាងលឿនចេញពីហាង។យ៉ាងណាក្តី សកម្មភាពនិងផ្លាកលេខរថយន្តរបស់គាត់ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនៅក្នុងហាង ហើយភស្តុតាងនិងតម្រុយទាំងនេះក៏បានជួយឱ្យប៉ូលិសអាមេរិកអាចតាមស្វែងរករូបគាត់ និងចាប់ខ្លួនគាត់ឱ្យមកទទួលទោសបានកាលពីពេលថ្មីៗនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: