អាជ្ញាធរអូស្រ្តាលី ណែនាំឱ្យពលរដ្ឋរាប់ពាន់នាក់ជម្លៀសខ្លួន ដើម្បីគេចចេញពីគ្រោះថ្នាក់នៃព្យុះស៊ីក្លូនត្រូពិច Alfred
- BY
- Pheakdey
- March 7, 2025
អូស្រ្តាលី៖ អាជ្ញាធរអូស្រ្តាលីបានណែនាំឱ្យពលរដ្ឋរាប់ពាន់នាក់ត្រូវធ្វើការជម្លៀសខ្លួនជាបណ្តោះអាសន្នសិន ដើម្បីរក្សាសុវត្ថិភាពពីព្យុះស៊ីក្លូនត្រូពិច Alfred នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៧ ខែមីនា។ ទីតាំងដែលកំពុងរងនូវការគំរាមគំហែងដោយព្យុះស៊ីក្លូនត្រូពិច Alfred នៅពេលនេះ គឺតំបន់មាត់សមុទ្រនៅចន្លោះរដ្ឋ Queensland និងរដ្ឋ New South Wales ដែលស្ថិតនៅភាគខាងត្បូងប្រទេសអូស្រ្តាលី។

បើតាមទីភ្នាក់ងារឧតុនិយមអូស្រ្តាលីបានបញ្ជាក់ថា ព្យុះស៊ីក្លូនត្រូពិច Alfred នឹងបង្ហាញឥទ្ធិយ៉ាងខ្លាំងបំផុតនៅក្នុងថ្ងៃទី៨ ខែមីនាខាងមុននេះ ពោលគឺចំថ្ងៃដែលពិភពលោកត្រូវប្រារព្ធទិវាសិទ្ធនារីអន្តរជាតិតែម្តង។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះព្យុះស៊ីក្លូនត្រូពិច Alfred បានជះឥទ្ធិពលអាក្រក់បណ្តើរៗហើយ ដូចជាបានបង្កឱ្យមានខ្យល់បោកបក់ក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង មានភ្លៀងធ្លាក់ច្រើន ខណៈពលរដ្ឋច្រើនគ្រួសារកំពុងតែរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់ផងដែរ។ យ៉ាងណាក្តី នៅមិនទាន់មានរបាយការណ៍បង្ហាញថា មានអ្នករងគ្រោះថ្នាក់ធ្ងន់ធ្ងរនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






