មនុស្ស ៥នាក់បាត់បង់ជីវិត, ១៣នាក់រងរបួស ក្នុងការវា-យប្រហារដោយគ្រាប់បែ-កនៅភាគខាងត្បូងប្រទេសថៃ
- BY
- Pheakdey
- March 10, 2025
ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិត និង ១៣នាក់បានរងរបួសនៅក្នុងការវាយប្រហារចំនួន ២ដងនៅតំបន់ភាគខាងត្បូងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៩ ខែមីនា។ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២នាក់នោះគឺជាមន្ត្រីស្ម័គ្រចិត្តរបស់អាជ្ញាធរថៃ ដែលកំពុងបំពេញការងារជាអ្នកយាមការិយាល័យមួយកន្លែង ខណៈនៅក្នុងចំណោមអ្នករងរបួសវិញភាគច្រើនក៏ជាមន្ត្រីរបស់អាជ្ញាធរថៃដែរ ហើយក្នុងនោះក៏មានទាំងពលរដ្ឋស៊ីវិលចំនួន ៤នាក់ផងដែរ។

ប្រភពខាងលើបានបន្តថា ការវាយប្រហារខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងទម្រង់ជាការគប់គ្រាប់បែកឬគប់គ្រឿងផ្ទុះផ្សេងៗទៅកាន់ហ្វូងមនុស្ស ហើយត្រូវបានបង្កឡើងដោយក្រុមអ្នកកាន់សាសនាឥស្លាមជ្រុលនិយមមួយក្រុម ដែលមានទំនោរប្រឆាំងនឹងអាជ្ញាធរថៃ។ គួររម្លឹកជូនផងដែរថា បញ្ហាចម្រូងចម្រាសរវាងក្រុមអ្នកកាន់សាសនាឥស្លាមជ្រុលនិយមជាមួយនិងអាជ្ញាធរថៃនៅក្រុង Sungai Kolok ដែលជាតំបន់ព្រំដែនរវាងប្រទេសម៉ាឡេស៊ី-ថៃ បានចាប់ផ្តើមកើតឡើងតាំងតែពីឆ្នាំ២០០៤ម្លេះ ហើយនៅក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ ការវាយប្រហារក្នុងទម្រង់ផ្សេងៗបានកើតមានឡើងជារឿយៗ និងបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតសរុបជាង ៧,០០០នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






