អន្តរជាតិ

ចិនសម្រេចដាក់បញ្ចូលវគ្គសិក្សាបញ្ញាសិប្បនិម្មិត (AI) នៅតាមសាលាបឋមសិក្សា និងមធ្យមសិក្សា

BY
Pheakdey
March 10, 2025

ចិន៖ ប្រទេសចិនបានសម្រេចដាក់បញ្ចូលវគ្គសិក្សាអំពីបញ្ញាសិប្បនិម្មិត (AI) នៅតាមសាលាបឋមសិក្សានិងមធ្យមសិក្សា ដើម្បីលើកកម្ពស់វិស័យបច្ចេកវិទ្យាដ៏ទំនើបនេះទៅកាន់ពលរដ្ឋជំនាន់ក្រោយរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៩ ខែមីនា។ គួររម្លឹកជូនថា កាលពីពេលថ្មីៗនេះអាជ្ញាធរចិនបានសម្រេចដាក់បញ្ចូលវគ្គសិក្សាពិសេសនេះនៅតាមសាកលវិទ្យាល័យរួចហើយនិងបានដាក់ចេញផែនការផ្សេងៗជាច្រើន ដើម្បីលើកកម្ពស់វិស័យនេះនៅក្នុងចំណោមសាធារណជនទូទៅផងដែរ។

បើគណៈកម្មការអប់រំក្រុងប៉េកាំងបានបញ្ជាក់ថា គម្រោងដាក់បញ្ចូលវគ្គសិក្សាអំពីបញ្ញាសិប្បនិម្មិត (AI) នៅតាមសាលាបឋមសិក្សានិងមធ្យមសិក្សានឹងត្រូវចាប់ផ្តើមនៅក្នុងឆ្នាំសិក្សាថ្មីនេះហើយ ពោលគឺចាប់ផ្តើមពីដើមខែសីហា​ ឆ្នាំ២០២៥នេះតទៅ ហើយវគ្គសិក្សានឹងត្រូវបែងចែកក្នុងទម្រង់ខុសៗគ្នាអាស្រ័យទៅតាមកម្រិតសិក្សារបស់សិស្ស ខណៈសិស្សម្នាក់ៗនឹងត្រូវចូលរៀនវគ្គសិក្សាពិសេសនេះយ៉ាងតិចបំផុត ៨ម៉ោងក្នុងមួយឆ្នាំសិក្សារបស់ពួកគេ។ សូមបញ្ជាក់ថា វិធានការរបស់អាជ្ញាធរចិនដូចបានជម្រាបជូនខាងលើនេះ ត្រូវបានធ្វើឡើងក្រោយចិនបានធ្វើឱ្យកក្រើកវិស័យបច្ចេកនៅលើពិភពលោកតាមរយៈការដាក់ឱ្យប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត DeepSeek ដែលមានសមត្ថភាពយ៉ាងល្អបំផុត ហើយចិនក៏មានមហិច្ឆតាចង់គ្រប់គ្រងវិស័យបច្ចេកវិទ្យាមួយនេះនៅលើពិភពលោកផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

Share This Post: