អន្តរជាតិ

មនុស្ស ២៥នាក់បានបាត់បង់ជីវិត ក្នុងការឡោមព័ទ្ធរថភ្លើងមួយខ្សែនៅប៉ាគីស្ថាន

BY
Pheakdey
March 13, 2025

ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៥នាក់បានស្លាប់បាត់បង់ជីវិតក្នុងការឡោមព័ទ្ធររថភ្លើងដឹកអ្នកដំណើរមួយខ្សែនៅក្នុងប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយ​របស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា។ ប្រតិបត្តិការណ៍ឡោមព័ទ្ធរថភ្លើងខាងលើនេះបានរៀបចំឡើងដោយក្រុមផ្តាច់ខ្លួននៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន ហើយក្រុមជ្រុលនិយមនេះក៏បានបើកការបាញ់ប្រហារយ៉ាងខ្លាំងមកកាន់ក្រុមទាហាន ដែលព្យាយាមចូលទៅរំដោះក្រុមចំណាប់ខ្មាំងផងដែរ។

ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះគឺមានជនរងគ្រោះចំនួន ២១នាក់ពលរដ្ឋស៊ីវិល ពោលពួកគេគឺជាក្រុមអ្នកដំណើរដែលត្រូវក្រុមខ្មាន់កាំភ្លើងចាប់ជាចំណាប់ខ្មាំង ខណៈ ៤នាក់ផ្សេងទៀតគឺជាក្រុមទាហាន និងបុគ្គលិកបម្រើការងារនៅក្នុងស្ថានីយរថភ្លើង។ គួររម្លឹកជូនថា នៅក្នុងរថភ្លើងដែលក្រុមខ្មាន់កាំភ្លើងបានធ្វើការឡោមព័ទ្ធតាំងតែថ្ងៃម្សិលមិញនោះមានផ្ទុកអ្នកដំណើរចំនួន ៤៥០នាក់ ហើយគិតត្រឹមពេលនេះទាហានប៉ាគីស្ថានបានជួយសង្គ្រោះចំណាប់ខ្មាំងបានជាង ៣៤០នាក់ហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

 

Share This Post: