អន្តរជាតិ

សាកលវិទ្យាល័យធំមួយនៅអាមេរិក គ្រោងកាត់បន្ថយបុគ្គលិកជាង ២,០០០នាក់ ក្រោយលោក ដូណាល់ ត្រាំ ផ្តាច់ជំនួយជាង ៨០០លានដុល្លារ

BY
Pheakdey
March 14, 2025

អាមេរិក៖ សាកលវិទ្យាល័យ Johns Hopkins គ្រោងនឹងកាត់បន្ថយបុគ្គលិជាង ២,០០០នាក់ ក្រោមគោលនយោបាយថ្មីរបស់លោកប្រធានាធីបតី ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៤ ខែមីនា។ គួរបញ្ជាក់ជូនថា សាកលវិទ្យាល័យ Johns Hopkins គឺជាសាកលវិទ្យាល័យផ្តោតលើការស្រាវជ្រាវដ៏ធំមួយនៅអាមេរិក ហើយសាកលវិទ្យាល័យមួយនេះត្រូវធ្វើការងារជាមួយវិទ្យាស្ថានស្រាវជ្រាវជាច្រើននៅក្នុងសហរដ្ឋអាមេរិក និងនៅក្នុងបណ្តាប្រទេសចំនួន ៤៤ផ្សេងទៀតផងដែរ។

នាពេលកន្លងមក សាកលវិទ្យាល័យ Johns Hopkins អាចដំណើរការទៅបានដោយពឹងផ្អែកលើជំនួយរបស់រដ្ឋាភិបាលអាមេរិក ដែលមានទំហំទឹកប្រាក់ប្រមាណជា ៨០០លានដុល្លារ។ យ៉ាងណាក្តី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ រដ្ឋាភិបាលអាមេរិកបានសម្រេចផ្អាកគម្រោងផ្តល់ជំនួយជាច្រើន ដើម្បីធានាប្រសិទ្ធភាពរដ្ឋាភិបាល ហើយក្នុងនោះក៏មានទាំងគម្រោងផ្តល់ជំនួយទៅកាន់សាកលវិទ្យាល័យ Johns Hopkins ផងដែរ។ នៅចំពោះមុខបញ្ហាហិរញ្ញវត្ថុដ៏ធំនេះសាកលវិទ្យាល័យ Johns Hopkins គ្មានជម្រើសណាក្រៅពីកាត់បន្ថយបុគ្គលិកនោះទេ ហើយបុគ្គលិកដែលស្ថិតនៅក្នុងគម្រោងត្រូវកាត់បន្ថយនោះ មានបុគ្គលិកចំនួន ២៤៧នាក់ គឺជាអ្នកកំពុងបំពេញការងារនៅក្នុងសហរដ្ឋអាមេរិក និងបុគ្គលិកចំនួន ១,៩៧៥នាក់ គឺជាអ្នកកំពុងបំពេញការងារផ្សេងៗនៅក្នុងប្រទេសចំនួន ៤៤ផ្សេងទៀត៕

អត្ថបទ៖​ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: