អន្តរជាតិ

តុលាការអាមេរិកបង្គាប់ឱ្យក្រុមហ៊ុន Starbucks បង់ប្រាក់ ៥០លានដុល្លារទៅកាន់អ្នកដឹកជញ្ជូនម្នាក់ ដែលបានរលាកកាហ្វេក្តៅធ្ងន់ធ្ងររហូតក្លាយជាមនុស្សពិការ ​

BY
Pheakdey
March 15, 2025

អាមេរិក៖ តុលាការអាមេរិកបានបង្គាប់ឱ្យក្រុមហ៊ុនលក់កាហ្វេ Starbucks បង់ប្រាក់សងជំងឺចិត្តចំនួន ៥០លានដុល្លារទៅកាន់អ្នកដឹកជញ្ជូនម្នាក់ ដែលបានរលាកកាហ្វេក្តៅយ៉ាងធ្ងន់ធ្ងររហូតក្លាយជាមនុស្សពិការ ​នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃទី​១៤ ខែមីនា។​ គួរកត់សម្គាល់ថា ហេតុការណ៍អកុសលខាងលើនេះបានកើតឡើងនៅអំឡុងឆ្នាំ២០១៨ ហើយជាច្រើន​ឆ្នាំកន្លងមកនេះអាជ្ញាធរអាមេរិកក៏បានដោះស្រាយករណីនេះទៅតាមច្បាប់ជាបន្តបន្ទាប់ដែរ ខណៈសេចក្តីសម្រេចផ្លូវការចុងក្រោយទើបត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ។

ប្រភពខាងលើនេះបានបន្តថា បុរសជាជនរងគ្រោះមានឈ្មោះ Michael Garcia ធ្លាប់មានការងារជាអ្នកដឹកជញ្ជូនអាហារនិងភេសជ្ជៈឱ្យហាងកាហ្វេ Starbucks មួយកន្លែង ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នៅក្នុងថ្ងៃកើតហេតុ លោក​ Michael Garcia បានទៅបញ្ជាទិញកាហ្វេចំនួន ៣កែវ ដើម្បីដឹកជញ្ជូនឱ្យអតិថិជនជាធម្មតា ដោយនៅក្នុងនោះមានកាហ្វេទឹកកកចំនួន ២កែវ និងកាហ្វេក្តៅចំនួន ១កែ​វផងដែរ។ ក្រោយពេលឆុងកាហ្វេក្តៅរួច អ្នកឆុងកាហ្វេក៏បានហុចកាហ្វេទៅកាន់លោក Michael Garcia ហើយជាអកុសលគម្របកែវជ័រក៏បានរបូតធ្វើឱ្យកាហ្វេក្តៅត្រូវហូរទៅលើភ្លៅនិងតំបន់ប្រដាប់ភេទលោក Michael Garcia យ៉ាងពេញទំហឹង។

ហេតុការណ៍នេះមិនត្រឹមតែបានបង្កឱ្យមានការរលាកស្បែកចំពោះលោក Michael Garcia ប៉ុណ្ណោះទេ តែវាក៏បានធ្វើសរសៃប្រសាទនៅជុំវិញប្រដាប់ភេទរបស់លោកត្រូវរងនូវការខូចខាតយ៉ាងខ្លាំងផងដែរ ពោលគឺបានធ្វើឱ្យប្រដាប់ភេទរបស់គាត់ត្រូវខូចទ្រង់ទ្រាយ និងធ្វើឱ្យលោក  Michael Garcia ក្លាយជាមនុស្សអសមត្ថភាពផ្លូវភេទតែម្តង។ ក្នុងការស៊ើបអង្កេតរបស់តុលាការអាមេរិកបានបង្ហាញថា ក្រុមហ៊ុន Starbucks​​ គឺជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះករណីនេះ ដ្បិតក្រុមហ៊ុនមិនបានផលិតគម្របនិងកែវសម្រាប់ដាក់កាហ្វេក្តៅឱ្យបានត្រឹមត្រូវតាមស្តង់ដាសុវត្ថិភាពនោះទេ ទើបធ្វើឱ្យកែវនិងគម្របត្រូវរបូតចេញពីគ្នាដោយខ្លួនឯងក្នុងពេលដែលវាត្រូវប៉ះជាមួយទឹកក្តៅខ្លាំង៕

អត្ថបទ៖ ភក្តី

ប្រភព៖ CNN

Share This Post: