រដ្ឋបាលអាមេរិក ចាប់ផ្តើមបញ្ឈប់បុគ្គលិកវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ទ្រង់ទ្រាយធំ
អាមេរិក៖ បុគ្គលិកនៃវិទ្យុសំឡេងអាមេរិកជាច្រើននាក់ (Voice of America) បានទទួលសារស្តីពីការបញ្ឈប់ការងារជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃចន្ទ ទី១៧ ខែមីនា។ ការផ្ញើសារអេឡិចត្រូនិចស្តីពីការសម្រេចបញ្ឈប់បុគ្គលិកនេះត្រូវបានធ្វើឡើងក្នុងរយៈពេលតែ ១ថ្ងៃប៉ុណ្ណោះ ក្រោយរដ្ឋបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចផ្អាកផ្តល់ជំនួយទៅកាន់វិទ្យុដ៏ធំមួយនេះ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផ្សេងទៀត។

នៅក្នុងសារអេឡិចត្រូនិចខាងលើនេះបានបញ្ជាក់ផងដែរថា នៅត្រឹមចុងខែមីនានេះគឺបុគ្គលិកដែលត្រូវស្ថិតនៅក្នុងគម្រោងបញ្ឈប់ទាំងអស់នឹងមិនត្រូវអនុញ្ញាតឱ្យចូលមកក្នុងការិយាល័យការងារ ឬប្រើប្រាស់ប្រព័ន្ធផ្សេងៗរបស់ស្ថាប័នទៀតនោះទេ ។ គួរកត់សម្គាល់ថា វិទ្យុសំឡេងអាមេរិកបានបង្កើតឡើងកាលពីអំឡុងសម័យសង្គ្រាមលោកលើកទី ២ ហើយវិទ្យុមួយនេះមានផ្សាយជា ៤៩ភាសា និងមានបុគ្គលិកបម្រើការងារចំនួន ៣,៣៨៤នាក់នៅជុំវិញពិភពលោក។ សម្រាប់នៅក្នុងឆ្នាំនេះ វិទ្យុសំឡេងអាមេរិកបានស្នើសុំថវិកាចំនួន ៩៥០លានដុល្លារពីរដ្ឋាភិបាលអាមេរិក ដើម្បីចំណាយលើប្រតិបត្តិការណ៍របស់ខ្លួន៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍