ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តុលាការចិនដាក់ទោសប្រធានផ្នែកធនធានមនុស្សមួយរូប ឱ្យជាប់ពន្ធនាគារជាង១០ឆ្នាំ ជុំវិញករណីបង្កើតបុគ្គលិកក្លែងក្លាយជាង២០នាក់ ដើម្បីបន្លំបើកលុយពីក្រុមហ៊ុនបានជាង២លានដុល្លារ

    BY Naren March 17, 2025
    តុលាការចិនដាក់ទោសប្រធានផ្នែកធនធានមនុស្សមួយរូប ឱ្យជាប់ពន្ធនាគារជាង១០ឆ្នាំ ជុំវិញករណីបង្កើតបុគ្គលិកក្លែងក្លាយជាង២០នាក់ ដើម្បីបន្លំបើកលុយពីក្រុមហ៊ុនបានជាង២លានដុល្លារ

    ចិន៖ ប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនមួយបានបង្កើតបុគ្គលិកក្លែងក្លាយចំនួន ២២នាក់ ដើម្បីបន្លំបើកប្រាក់ខែពីក្រុមហ៊ុនបានសរុបជាង ២លាននេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា។ ក្រុមហ៊ុនដែលជាកន្លែងកើតមានករណីដ៏កម្រនេះគឺជាប្រភេទក្រុមហ៊ុនផ្តល់សេវាកម្មការងារផ្សេងៗជាច្រើនមុខ មានមូលដ្ឋាននៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។

    ប្រភពខាងលើបានបន្តថា ប្រធានផ្នែកធនធានមនុស្សដែលបានរៀបចំផែនការបន្លំយកលុយយ៉ាងច្រើនពីក្រុមហ៊ុនរូបនេះមានឈ្មោះថា Yang ហើយសកម្មភាពក្លែងបន្លំរបស់គាត់បានចាប់ផ្តើមតាំងតែពីឆ្នាំ ២០១៤មកម្លេះ។ ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ ផែនការបង្កើតបុគ្គលិកខ្មោចដើម្បីបន្លំយកលុយពីក្រុមហ៊ុនរបស់លោក Yang បានដំណើរទៅយ៉ាងរលូននិងល្អបំផុត ពោលគឺគ្មានអ្នកណាម្នាក់បានដឹងឡើយ ហើយប្រាក់ដែលគាត់អាចទទួលបានពីផែនការនេះគឺមានចំនួនសរុប ១៦លានយន់ ឬប្រមាណជា ២,២លានដុល្លារ។ យ៉ាងណាក្តី ថ្មីៗនេះអាថ៌កំបាំងទាំងអស់របស់លោក Yang ត្រូវបានលាតត្រដាង ហើយនៅចំពោះមុខច្បាប់វិញ គឺលោក Yang ត្រូវបានតុលាការចិនកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ២ខែ ដកហូតសិទ្ធនយោបាយរយៈពេល ១ឆ្នាំ និងពិន័យប្រាក់យ៉ាងច្រើនផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: