អន្តរជាតិ

ស្រ្តីចិនអាយុ ១០៣ឆ្នាំម្នាក់បានបាត់បង់ជីវិត ក្រោយរង់ចាំស្វាមីអស់រយៈពេល ៨២ឆ្នាំ

BY
Pheakdey
March 18, 2025

ចិន៖ ស្រ្តីជនជាតិចិនអាយុ ១០៣ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតដោយបានបន្សល់ទុកនូវភក្តីភាពដ៏គួរឱ្យគោរពបំផុតមួយ ពោលគឺរូបគាត់បានរង់ចាំស្វាមីរបស់គាត់អស់រយៈពេលជាង ៨០ឆ្នាំ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Sought China Morning Post បានឱ្យដឹងថា ស្រ្តីរូបនេះមានឈ្មោះថា Du Huzhen រស់នៅក្នុងខេត្ត Guizhou ភាគខាងត្បូងប្រទេសចិន និងបានស្លាប់កាលពីថ្ងៃទី៨ ខែមីនា កន្លងទៅនេះ។

លោកស្រ្តី Du Huzhen និងកូនប្រុស Huang Fachang

ប្រភពខាងលើបានបន្តថា លោកស្រី Du Huzhen បានបែកគ្នាជាមួយប្តីគឺលោក Huang Junfu នៅក្នុងឆ្នាំ១៩៤៣ ដោយប្តីរបស់គាត់ត្រូវទៅធ្វើការងារនៅក្នុងក្រុមហ៊ុនសំណង់មួយកន្លែងនៅក្នុងប្រទេសម៉ាឡេស៊ី។ នៅក្នុងឆ្នាំ ១៩៩៤ លោកស្រ្តីបានផ្តល់កំណើតដល់កូនប្រុសម្នាក់ឈ្មោះ Huang Fachang ហើយនៅក្នុងថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៥២ គាត់បានទទួលសំបុត្រមួយពីប្តីរបស់គាត់ ហើយចាប់តាំងពីពេលនោះមក គាត់ក៏លែងទទួលបានដំណឹងពីប្តីជារៀងរហូត ដោយមិនដឹងថាប្តីរបស់គាត់ស្លាប់ឬក៏រស់នៅទីណានោះទេ។

បើទោះជាយ៉ាងណាក្តី លោក Du Huzhen មិនដែលបោះបង់ការរង់ចាំស្វាមីរបស់គាត់ឡើយ ហើយគាត់តែងតែសង្ឃឹមថា ថ្ងៃណាមួយប្តីរបស់នឹងត្រលប់មករស់នៅជុំគ្នាក្នុងគ្រួសារវិញជាធម្មតា។ ជាក់ស្តែងមុនពេលស្លាប់ ក៏លោកស្រី Du Huzhen បានយកសំបុត្រចុងក្រោយដែលគាត់បានទទួលពីប្តីមកអាន និងប្រាប់កូនរបស់គាត់អំពីរឿងនេះដែរ ដូចនេះវាមានន័យថា គាត់បានរង់ចាំប្តីរបស់គាត់ដល់ដំណាក់កាលចុងក្រោយនៃជីវិត បើទោះជាពួកគាត់បានបែកគ្នាអស់រយៈពេល ៨២ឆ្នាំហើយក៏ដោយ៕

 សំបុត្រដែលលោកស្រី  Du Huzhen ទទួលបានពីស្វាមីក្នុងឆ្នាំ១៩៥២

អត្ថបទ៖ ភក្តី

ប្រភព៖ Sought China Morning Post

Share This Post: