ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីជាច្រើន សម្រេចហាមឃាត់មិនឱ្យអ្នកដំណើរទុក Power Bank ក្នុងធ្នើរដាក់អីវ៉ាន់ ដើម្បីរក្សាសុវត្ថិភាពយន្តហោះពីការផ្ទុះឆេះ
- BY
- Pheakdey
- March 22, 2025
ម៉ាឡេស៊ី៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗចំនួន ៣របស់ម៉ាឡេស៊ីសម្រេចដាក់ចេញវិធានការហាមឃាត់មិនឱ្យអ្នកដំណើរទុកដុំ Power Bank ក្នុងធ្នើរដាក់អីវ៉ាន់នៅពីលើក្បាលអ្នកដំណើរជាដាច់ខាត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២១ ខែមីនា។ ក្រុមហ៊ុនអាកាសចរណ៍ទាំង ៣នោះរួមមាន ក្រុមហ៊ុន Malaysia Airlines ក្រុមហ៊ុន Firefly និងក្រុមហ៊ុន MASwings ខណៈវិធានការដ៏តឹងរឹងនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែមេសានេះតទៅ។
យ៉ាងណាក្តី អ្នកដំណើរទាំងអស់នៅតែអាចយកដុំ Power Bank តាមខ្លួនបានក្នុងពេលធ្វើដំណើរតាមយន្តហោះ តែពួកគេត្រូវកាន់ដុំ Power Bank ជាប់ខ្លួនជានិច្ច ឬទុកនៅក្នុងកាបូបដែលពួកគេស្ពាយជាប់ខ្លួន។ ប្រភពខាងលើបានបន្តថា វិធានការហាមឃាត់ខាងលើនេះត្រូវបានដាក់ចេញដើម្បីធានានូវសុវត្ថិភាពរបស់យន្តហោះពីការឆេះ ដ្បិតកាលពីពេលថ្មីៗនេះមានយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានឆេះនៅក្នុងព្រលានយន្តហោះប្រទេសកូរ៉េខាងត្បូង ហើយតាមការសន្និដ្ឋានគឺហេតុការណ៍ឆេះនោះបានបង្កឡើងដោយសារផ្ទុះដុំ Power Bank ដែលអ្នកដំណើរបានទុកនៅក្នុងធ្នើរនៅពីលើក្បាលរបស់ពួកគេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: