អន្តរជាតិ

អាមេរិក នឹងនាំចូលស៊ុតរាប់រយលានគ្រាប់ពីកូរ៉េនិងតួគី ដើម្បីដោះស្រាយបញ្ហាស៊ុតឡើងថ្លៃនិងបំពេញការផ្គង់ផ្គង់នៅក្នុងស្រុក

BY
Pheakdey
March 22, 2025

អាមេរិក៖ សហរដ្ឋអាមេរិកនឹងធ្វើការនាំចូលស៊ុតក្នុងបរិមាណយ៉ាងច្រើនសម្រាប់យកទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងដោះស្រាយបញ្ហាតម្លៃស៊ុតកំពុងឡើងថ្លៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងសៅរ៍ ទី២២ ខែមីនា។ ប្រទេសដែលនឹងក្លាយជាអ្នកផ្គត់ផ្គង់ស៊ុតឱ្យអាមេរិកមានចំនួន ២ គឺប្រទេសកូរ៉េខាងត្បូង និងប្រទេសតួគី ខណៈបរិមាណស៊ុតដែលត្រូវផ្គង់ផ្គង់វិញគឺអាចមានរហូតដល់ខ្ទង់រាប់រយលានគ្រាប់ឯណោះ។

ប្រភពខាងលើបានបន្តថា បញ្ហាខ្វះខាតស៊ុតនិងស៊ុតឡើងថ្លៃនៅក្នុងទីផ្សារសហរដ្ឋអាមេរិកបានកើតឡើងដោយសារតែការរាតត្បាតនៃជំងឺផ្តាសាយបក្សី​កាលពីពេលថ្មីៗនេះ ដែលបង្ខំឱ្យអាជ្ញាធរអាមេរិកត្រូវកំចាត់សត្វមាន់ចោលអស់ជាង ៣០លានក្បាល និងបិទកសិដ្ឋានចិញ្ចឹមមាន់យកពងទ្រង់ទ្រាយធំមួយចំនួនជាបណ្តោះអាសន្នសិនផងដែរ។ សូមរម្លឹកជូនផងដែរថា ថ្មីៗនេះរដ្ឋាភិបាលអាមេរិកបានអនុម័តថវិកាចំនួន ១ពាន់លានដុល្លារដើម្បីប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺផ្តាសាយបក្សី ខណៈអាជ្ញាធរអាមេរិកបានរកឃើញ ករណីឆ្លងជំងឺផ្តាសាយបក្សីទៅកាន់មនុស្សចំនួន ៧០ករណី និងនៅក្នុងនោះមានករណីស្លាប់មួយករណីផងដែរ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖  Channel News Asia

Share This Post: