អង់គ្លេស នឹងវិនិយោគប្រាក់ ៧៧៥លានដុល្លារ ដើម្បីដោះស្រាយបញ្ហាខ្វះខាតកម្មករជំនាញក្នុងវិស័យសំណង់
អង់គ្លេស៖ រដ្ឋាភិបាលនៃប្រទេសអង់គ្លេសបានអនុម័តកញ្ចប់ថវិកាចំនួន ៦០០លានផោន (៧៧៥លានដុល្លារ) ដើម្បីដោះស្រាយបញ្ហាសង្គមថ្មីមួយ ពោលគឺការខ្វះខាតកម្មករជំនាញក្នុងវិស័យសំណង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី២៣ ខែមីនា។ តាមគម្រោងគឺថវិកាតាំងដ៏ច្រើនខាងលើនេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការបណ្តុះបណ្តាលកម្មករសំណង់ជាច្រើននាក់ ដើម្បីឱ្យពួកគេក្លាយជាកម្មករជំនាញតាមផ្នែកផ្សេងៗនៅក្នុងវិស័យសាងសង់ផ្ទះ។

សូមបញ្ជាក់ជូនថា គម្រោងបណ្តុះបណ្តាលកម្មករជំនាញក្នុងវិស័យសំណង់នេះត្រូវបានធ្វើឡើង ក្រោយរដ្ឋាភិបាលអង់គ្លេសកាលពីពេលថ្មីនេះបានដាក់ចេញនូវផែនការមេមួយ គឺត្រូវសាងសង់ផ្ទះឱ្យបានចំនួន ១,៥លានខ្នងនៅត្រឹមឆ្នាំ ២០២៩ខាងមុខនេះ។ ផែនការសាងសង់ផ្ទះចំនួន ១,៥លានខ្នងនេះទៀតសោធ គឺជាគោលនយោបាយមួយ ដែលត្រូវបានដាក់ចេញក្នុងគោលបំណងជួយជំរុញសេដ្ឋកិច្ចជាតិ ដ្បិតថាវិស័យសាងសង់ផ្ទះនិងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គឺមានតម្លៃចំនួន ៦% នៃផលិតផលក្នុងស្រុកសរុបរបស់អង់គ្លេស ហើយវិស័យនេះក៏ផ្នែកដ៏សំខាន់មួយដែលជួយជំរុញឱ្យវិស័យជាច្រើនផ្សេងទៀតមានការរីកចម្រើនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time