ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង បានបណ្តាលឱ្យមនុស្ស ៤នាក់បាត់បង់ជីវិត ខណៈជាង៦០០នាក់ត្រូវជម្លៀសខ្លួន
កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាភ្លើងឆេះព្រៃនៅតំបន់ភាគខាងត្បូង នៃប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី២៣ ខែមីនា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់អស់ជាច្រើននាក់ហើយ គ្រោះធម្មជាតិដ៏អាក្រក់នេះក៏បានបង្ខំឱ្យពលរដ្ឋកូរ៉េជាច្រើនរយនាក់ផ្សេងទៀតត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ។

នៅចំពោះមុខស្ថានភាពបន្ទាន់នេះ អាជ្ញាធរកូរ៉េខាងត្បូងបានប្រកាសដាក់តំបន់កើតហេតុខាងលើស្ថិតនៅក្នុងភាពមានអាសន្ន ដើម្បីងាយស្រួលឱ្យអាជ្ញាធរមូលដ្ឋានអាចចាត់វិធានផ្សេងៗឆ្លើយតបនឹងបញ្ហានៅចំពោះមុខឱ្យបានឆាប់រហ័សជាទីបំផុត។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះភ្លើងបានឆេះបំផ្លាញព្រៃអស់ប្រមាណជា ៨៤៧ហិកតា ឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន ២៦០កន្លែង ខណៈពលរដ្ឋចំនួន ៦២០នាក់នៅក្នុងក្រុង Ulsan ត្រូវបានអាជ្ញាធរជួយសង្គ្រោះជីវិតដោយជោគជ័យ ហើយពេលនេះពួកគេកំពុងស្នាក់នៅក្នុងជំរំមានសុវត្ថិភាពជាបណ្តោះអាសន្នសិន៕

អត្ថបទ៖ ភក្តី
ប្រភព៖The Strait Time