ប៉ូលិសបារាំងបើករថយន្តដេញចាប់រថយន្តសង្ស័យមួយគ្រឿង បង្កឱ្យរថយន្តជាច្រើនត្រូវបុកបន្តគ្នា ខណៈមនុស្ស ១៣នាក់បានរងរបួស
បារាំង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៣នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍មានរថយន្តជាច្រើនគ្រឿងត្រូវបុកបន្តកន្ទុយគ្នានៅក្នុងប្រទេសបារាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី២៣ ខែមីនា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងដូចជាឈុតឆាកនៅក្នុងខ្សែភាពយន្តហូលីវូតនេះ បានកើតឡើងនៅក្នុងខណ្ឌទី១៤ ភាគខាងត្បូងនៃទីក្រុងបារីស ដែលជារដ្ឋធានីរបស់ប្រទេសបារាំង។

ប្រភពខាងលើបានបន្តថា ដើម្បហេតុដែលនាំឱ្យមានគ្រោះថ្នាក់ខាងលើនេះកើតឡើង គឺដោយសារមានរថយន្តមួយគ្រឿងព្យាយាមបើករត់គេចចេញពីការត្រួតពិនិត្យរបស់ប៉ូលិស ហើយភ្លាមនោះប៉ូលិសក៏បានបើករថយន្តដេញតាមពីក្រោយដើម្បីឃាត់ខ្លួនរថយន្តសង្ស័យនោះ។ ក្រោយបើករថយន្តប្រដេញគ្នាលើចម្ងាយផ្លូវជាច្រើនគីឡូម៉ែត្រ រថយន្តសង្ស័យក៏បានបើកទៅបុកបង្គោលភ្លើង ធ្វើឱ្យរថយន្តប៉ូលិសនិងរថយន្តកំពុងបើកបរនៅលើដងផ្លូវក្បែរកន្លែងកើតហេតុនោះត្រូវបុកបន្តគ្នាភ្លាមៗតែម្តង។ បើតាមអាជ្ញាធរបារាំងបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះទាំងអស់គឺមានជនរងគ្រោះចំនួន ១០នាក់ជាប៉ូលិសបារាំង ហើយនៅក្នុងចំណោមរថយន្តដែលត្រូវបុកបន្តគ្នាទាំងអស់ គឺមានរថយន្តចំនួន ៣គ្រឿងជារថយន្តរបស់ស្ថាប័នប៉ូលិសបារាំង ខណៈគិតត្រឹមពេលនេះអាជ្ញាធរនៅមិនទាន់អាចទទួលបានចម្លើយពីជនបង្កហេតុ អំពីមូលហេតុដែលរូបគេបានព្យាយាមបើករថយន្តគេចពីការត្រួតពិនិត្យរបស់ប៉ូលិសនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time