អន្តរជាតិ

យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន AirAsia បង្ខំចិត្តហោះត្រឡប់ក្រោយទៅកាន់ម៉ាឡេស៊ីវិញជាបន្ទាន់ ដោយសារម៉ាស៊ីនមានបញ្ហាក្រោយចេញដំណើរបានបន្តិច

BY
Pheakdey
March 27, 2025

ម៉ាឡេស៊ី៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានបង្ខំចិត្តហោះត្រឡប់ក្រោយទៅកាន់ព្រលានវិញជាបន្ទាន់ដោយសារតែម៉ាស៊ីនមានបញ្ហា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា។ យន្តហោះដែលបានកើតមានបញ្ហានេះគឺជាយន្តហោះប្រភេទ Airbus A320 ពោលគឺជាយន្តហោះរបស់ក្រុមហ៊ុន Airbus ដែលមានមូលដ្ឋាននៅក្នុងប្រទេសបារាំង។

ប្រភពខាងលើបានបន្តថា យន្តហោះដឹកអ្នកដំណើរខាងលើនេះមានជើងហោះហើរលេខ Flight AK128 និងមានទិសដៅធ្វើដំណើរចេញពីទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុងសិនជិន នៃប្រទេសចិន ដោយមានផ្ទុកអ្នកដំណើរសរុបចំ​នួន ១៧១នាក់។ យ៉ាងណាក្តី ក្រោយចេញដំណើរបានបន្តិចស្រាប់តែម៉ាស៊ីនយន្តហោះកើតមានបញ្ហា ហើយអ្នកបើកបរក៏សម្រេចហោះត្រឡប់មកកាន់ព្រលានយន្តហោះអន្តរជាតិកូឡាឡាំពួវិញជាបន្ទាន់ ខណៈហេតុការណ៍នេះមិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះទេ។ ចំពោះដំណោះស្រាយលើករណីនេះវិញ ក្រុមហ៊ុន AirAsia បានសម្រេចប្តូរទៅប្រើប្រាស់យន្តហោះផ្សេងមួយគ្រឿងទៀត ខណៈជើងហោះហើរថ្មីនោះបានធ្វើដំណើរទៅដល់គោលដៅយឺតជាងការកំណត់ទុកជាច្រើនម៉ោង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: