កូរ៉េខាងជើងធ្វើការសាកល្បង Drone ដំណើរការដោយបច្ចេកវិទ្យា AI
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងបានធ្វើការសាកល្បងយន្តហោះពិឃាតគ្មានមនុស្សបើក (Suicide Drone) ដំណើរដោយបច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) ដែលជាប្រភេទអាវុធដ៏ទំនើបបំផុតក្នុងពេលបច្ចុប្បន្ន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា។ ក្នុងការសាកល្បងបង្ហោះ Drone ពិឃាតនោះ គេក៏បានប្រទះឃើញមានវត្តមានរបស់លោក គីម ជុងអ៊ុន អញ្ជើញទៅត្រួតពិនិត្យមើលដោយផ្ទាល់ផងដែរ។

បើតាមលោក គីម ជុងអ៊ុន បានថ្លែងឱ្យដឹងថា Drone ពិឃាតដំណើរការដោយបច្ចេកវិទ្យា AI គឺជាអាវុធដ៏ទំនើបនិងមានសក្តានុពលបំផុតមួយក្នុងពេលបច្ចុប្បន្ន ដ្បិតវាអាចធ្វើដំណើរបានរយៈចម្ងាយឆ្ងាយ និងមានសមត្ថភាពដ៏អស្ចារ្យក្នុងការស្វែងរកគោលដៅនៃការវាយប្រហារទោះក្នុងស្ថានភាពមានឧបសគ្គច្រើនក៏ដោយ។ សូមកត់សម្គាល់ថា កូរ៉េខាងជើងបានចំណាយថវិកាជាតិយ៉ាងច្រើនទៅលើកម្មវិធីអភិវឌ្ឍវិស័យយោធានិងបច្ចេកវិទ្យារបស់ខ្លួន ហើយប្រទេសតូចមួយនេះត្រូវបានគេដឹងថា មានអាវុធទំនើបៗជាច្រើនមិនចាញ់បណ្តាលប្រទេសធំៗនៅលើពិភពលោកឡើយ ជាពិសេសនោះគឺប្រភេទអាវុធនុយក្លេអ៊ែរតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia