ក្រុមវេជ្ជបណ្ឌិតចិន បានធ្វើការសាកល្បងវះកាត់ប្តូរថ្លើមជ្រូកទៅកាន់មនុស្សជាលើកដំបូង
- BY
- Pheakdey
- March 28, 2025
ចិន៖ ក្រុមវេជ្ជបណ្ឌិតចិនបានធ្វើការសាកល្បងវះកាត់ប្តូរថ្លើមជ្រូកទៅកាន់មនុស្សជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៨ ខែមីនា។ ការធ្វើតេស្តសាកល្បងនេះបានបង្ហាញថា វិស័យវេជ្ជសាស្រ្តរបស់ចិនកំពុងតែមានភាពរីកចម្រើនយ៉ាងខ្លាំង ហើយវាក៏ជាក្តីសង្ឃឹមថ្មីមួយសម្រាប់ក្រុមអ្នកជំងឺដែលត្រូវធ្វើការផ្លាស់ប្តូរថ្លើមដើម្បីបន្តជីវិតរស់ផងដែរ ប្រសិនបើការវះកាត់នេះត្រូវបានគេយកទៅអនុវត្តនៅតាមន្ទីរពេទ្យជាទូទៅក្នុងពេលអនាគត។

យ៉ាងណាក្តី ការវះកាត់ខាងលើនេះគឺគ្រាន់តែជាការសាកល្បងជំហានដំបូងប៉ុណ្ណោះ ដោយក្រុមវេជ្ជបណ្ឌិតចិនបានប្រើប្រាស់ថ្លើមជ្រូកដែលគេបានកែប្រែហ្សែននិងបានរក្សាទុកយ៉ាងត្រឹមត្រូវក្នុងមន្ទីរពិសោធន៍ ទៅដាក់នៅក្នុងខ្លួនមនុស្សម្នាក់ ដែលខួរក្បាលរបស់គាត់បានស្លាប់បាត់ទៅហើយ។ លទ្ធផលនៃការសាកល្បងរបស់ក្រុមវេជ្ជបណ្ឌិតចិនបានបង្ហាញថា គឺវាអាចទៅរួចក្នុងការយកថ្លើម ដែលជាសរីរាង្គល្អ ១០០% ទៅជួយសង្គ្រោះជីវិតជនរងគ្រោះដែលកំពុងត្រូវការវា។ គួរបញ្ជាក់ជូនថា ក្នុងពេលបច្ចុប្បន្ននេះ ការវះកាត់ផ្តាស់ប្តូរសរីរាង្គមនុស្សមិនមែនជារឿងងាយស្រួលនិងសាមញ្ញឡើយ ដ្បិតវាត្រូវការឱ្យមានអ្នកបរិច្ចាគជាមុនសិន ខណៈជនរងគ្រោះវិញក៏ត្រូវតែមានលក្ខខណ្ឌរាងកាយមួយចំនួនដូចគ្នាទៅនឹងអ្នកបរិច្ចាគដែរ ទើបអាចអាចដាក់បញ្ចូលសរីរាង្គគេបាន ពោលគឺការវះកាត់ក្នុងទម្រង់បែបនេះអាចទៅរួចក្នុងលក្ខខណ្ឌដ៏កម្របំផុតមួយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






