អន្តរជាតិ

រូបភាពពីម៉ាស៊ីនស្កេនបង្ហាញថា មានសញ្ញានៃមនុស្ស ៧០នាក់ កំពុងកប់ជាប់នៅក្រោមគំនរអគារ ដែលបានដួលរលំដោយការរញ្ជួយដីនៅប្រទេសថៃ

BY
Pheakdey
April 1, 2025

ថៃ៖ ប្រតិបត្តិការណ៍ស្វែងរកអ្នកបាត់ខ្លួនពីហេតុការណ៍ដួលរលំអគារដោយសាររញ្ជួយដីនៅក្នុងទីក្រុងបាងកក ប្រទេសថៃ នៅមិនទាន់បិទបញ្ចប់នៅឡើយទេ បើទោះជាហេតុការណ៍អកុសលនេះបានកើតឡើងអស់រយៈពេលច្រើនថ្ងៃមកហើយក្តី។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃអង្គារ ទី១ មេសានេះបានឱ្យដឹងថា អាជ្ញាធរថៃបានប្រើប្រាស់ម៉ាស៊ីនដ៏ពិសេសមួយរបស់ក្រុមយោធាអាមេរិក ដើម្បីស្កេនមើលពីទីតាំងដែលអាចមានមនុស្សកំពុងកប់ជាប់នៅក្រោមគំនរអគារដែលបានបាក់បែក។

លទ្ធផលដែលគេអាចទទួលបានពីម៉ាស៊ីនស្កេនគឺបង្ហាញថា អាចមានមនុស្សចំនួន ៧០នាក់កំពុងកប់ជាប់នៅចន្លោះអគារពីជាន់ទី ១៧ និងជាន់ទី ២១ ហើយនៅក្នុងនោះក៏មានសាកសពចំនួន ៦នាក់ផងដែរ។ យ៉ាងណាក្តី លោកស្រី Tavida Kamolvej អភិបាលរងក្រុងបាងកកបានចេញមកបញ្ជាក់ថា គេនៅមិនទាន់អាចធ្វើការសន្និដ្ឋានបានបានជាផ្លូវការនៅឡើយទេថា សញ្ញានៃមនុស្សទាំង ៧០នាក់នោះ គឺពិតក្រុមជនរងគ្រោះ ដែលកំពុងបាត់ខ្លួនមែនឬយ៉ាងណានោះ ដ្បិតនេះគ្រាន់តែជាសញ្ញាចាប់បានដោយម៉ាស៊ីនស្កេនប៉ុណ្ណោះ ខណៈក្រុមអ្នកជួយសង្គ្រោះនៅមិនទាន់អាចចូលទៅដល់ទីតាំងជាក់ស្តែងនៅឡើយទេ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាជ្ញាធរថៃបានរកឃើញសាកសពជនគ្រោះសរុបចំនួន ១៣នាក់ អ្នករងរបួសចំនួន ១៩នាក់ និងអ្នកកំពុងបាត់ខ្លួនចំនួន ៧០នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

 

Share This Post: