មីយ៉ាន់ម៉ារៀបចំពិធីស្មឹងស្មាតមួយនាទី ដើម្បីគោរពដល់វិញ្ញាណក្ខន្ធជនរងគ្រោះក្នុងហេតុការណ៍រញ្ជួយដី ខណៈតួលេខអ្នកបាត់បង់ជីវិតកើនឡើងដល់ ២,៧១៩នាក់
- BY
- Pheakdey
- April 2, 2025
មីយ៉ាន់ម៉ា៖ ប្រទេសមីយ៉ាន់ម៉ាបានរៀបចំពិធីស្មឹងស្មាតមួយនាទីនៅទូទាំងប្រទេសដើម្បីគោរពដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រញ្ជួយដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២ ខែមេសា។ ក្នុងរយៈពេល ៥ថ្ងៃ ក្រោយកើតមានគ្រោះអកុសលទ្រង់ទ្រាយធំនេះ តួលេខរបស់ជនរងគ្រោះនៅតែបន្តកើនឡើង ខណៈប្រតិបត្តិការណ៍ស្វែងរកអ្នកបាត់ខ្លួននៅមិនទាន់បិទបញ្ចប់នៅឡើយទេ។

គិតត្រឹមពេលនេះតួលេខអ្នកស្លាប់បាត់បង់ជីវិតបានបន្តកើនឡើងរហូតដល់ ២,៧១៩នាក់ តួលេខអ្នករងរបួសបានកើនឡើងដល់ ៤,៥០០នាក់ និងអ្នកកំពុងបាត់ខ្លួនវិញបានកើនឡើងដល់ ៤៤១នាក់។ គួរកត់សម្គាល់ថា តួលេខជនរងគ្រោះនៅតែអាចបន្តកើនឡើង ដរាបណាប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បានបិទបញ្ចប់។ សូមបញ្ជាក់ជូនថា ហេតុការណ៍រញ្ជួយដ៏គ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅក្នុងទីក្រុង Mandalay ដែលជាទីក្រុងធំបំផុតលំដាប់ទី ២ស្ថិតនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា និងមានប្រជាពលរដ្ឋកំពុងរស់នៅសរុបជាង ១,៧លាននាក់៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






