រដ្ឋាភិបាលអាមេរិកហាមឃាត់មន្ត្រីខ្លួន ដែលកំពុងបំពេញការងារនៅក្នុងប្រទេសចិន មិនឱ្យមានទំនាក់ទំនងស្នេហាជាមួយពលរដ្ឋចិនជាដាច់ខាត
អាមេរិក៖ សហរដ្ឋអាមេរិកបានប្រកាសហាមឃាត់មន្ត្រីរបស់ខ្លួន ដែលកំពុងបំពេញការងារនៅក្នុងប្រទេសចិន មិនឱ្យមានទំនាក់ទំនងស្នេហាជាមួយពលរដ្ឋចិនឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា។ ទំនាក់ទំនងស្នេហាដែលរដ្ឋាភិបាលអាមេរិកបានហាមឃាត់នោះ គឺមានទាំងការរៀបការស្របច្បាប់ និងទំនាកទំនងក្រៅផ្លូវការផងដែរ។

គួរកត់សម្គាល់ថា មន្ត្រីនៃរដ្ឋាភិបាលអាមេរិក ដែលកំពុងបំពេញការងារនៅក្នុងប្រទេសចិននោះ គឺសំដៅនៅកាន់ក្រុមមន្ត្រីក្នុងស្ថានទូតអាមេរិកប្រចាំនៅប្រទេសចិន។ ប្រភពខាងលើបានបន្តថា រហូតមកទល់នឹងពេលនេះទាំងរដ្ឋាភិបាលចិន និងស្ថានទូតអាមេរិកប្រចាំនៅក្នុងប្រទេសចិន នៅមិនទាន់បង្ហាញប្រតិកម្មយ៉ាងណាឡើយទេ។ សូមបញ្ជាក់ជូនថា សេចក្តីហាមឃាត់ខាងលើនេះត្រូវបានធ្វើឡើងក្រោយរដ្ឋាភិបាលអាមេរិកបានដំឡើងអត្រាពន្ធនាំចូលពីប្រទេសចិនក្នុងអត្រារហូតដល់ ៣៤% ពោលគឺអាចនិយាយបានថា អាមេរិកហាក់កំពុងតែធ្វើសង្គ្រាមពាណិជ្ជកម្មនិងការទូតជាមួយប្រទេសចិន៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍