លោក ដូណាល់ ត្រាំ ប្រកាសផ្អាកអនុវត្តច្បាប់ពន្ធគយថ្មី ៩០ថ្ងៃជាមួយប្រទេសទាំងអស់ លើកលែងតែចិនត្រូវបង់ពន្ធនាំចូលរហូតដល់ ១២៥%
- BY
- Pheakdey
- April 10, 2025
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសផ្អាកអនុវត្តច្បាប់ពន្ធគយថ្មីក្នុងរយៈពេល ៩០ថ្ងៃជាមួយប្រទេសជាច្រើននៅជុំវិញពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា។ ការសម្រេចផ្អាកអនុវត្តច្បាប់យកពន្ធនាំចូលថ្មីនេះ គឺត្រូវបានធ្វើឡើងដើម្បីទុកពេលឱ្យតំណាងប្រទេសទាំងអស់នោះអាចមកធ្វើការចរចារជាមួយសហរដ្ឋអាមេរិកក្នុងការកំណត់អត្រាពន្ធគយជាក់លាក់ណាមួយរវាងប្រទេសពួកគេជាមួយនឹងសហរដ្ឋអាមេរិកបាន។
ដូចនេះគឺមានន័យថា ក្នុងរយៈពេល ៩០ថ្ងៃនេះ គឺសហរដ្ឋអាមេរិកនឹងគិតពន្ធនាំចូលផលិតផលពីបណ្តាប្រទេសទាំងអស់ក្នុងអត្រាត្រឹមតែ ១០% ប៉ុណ្ណោះ។ ខណៈដែរសហរដ្ឋអាមេរិកហាក់បានបន្ថយសម្ពាធលើពន្ធនាំចូលសម្រាប់ប្រទេសជាច្រើនក៏ពិតមែន តែលោក ដូណាល់ ត្រាំ មិនបានបន្ធូរដៃជាមួយប្រទេសចិនឡើយ ដោយប្រធានាធិបតីអាមេរិករូបនេះបានបញ្ជាក់ថា នឹងដំឡើងអត្រាពន្ធនាំចូលពីប្រទេសចិនរហូតដល់ ១២៥%ឯណោះ។ សូមបញ្ជាកជូនផងដែរថា ការប្រកាសដំឡើងពន្ធលើទំនិញចិនរហូតដល់អត្រា ១២៥% គឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងរដ្ឋាភិបាលចិន ដែលបានប្រកាសដំឡើងពន្ធលើផលិតផលអាមេរិកពីអត្រា ៣៤%ទៅដល់ ៨៤%៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post: