អាមេរិក ប្រកាសដំឡើងពន្ធនាំចូលលើផលិតផលចិនមួយចំនួនក្នុងអត្រា ១៤៥%
- BY
- Pheakdey
- April 11, 2025
អាមេរិក៖ សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ហាក់កាន់តែឡើងកម្តៅថែមមួយកម្រិតទៀតហើយ ក្រោយលោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធនាំចូលលើផលិតផលចិនកាន់ខ្ពស់ឡើងៗ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុថ្ងៃសុក្រ ទី១១ ខែមេសាបានបញ្ជាក់ថា សេតវិមានអាមេរិកនឹងអនុវត្តពន្ធនាំចូលលើផលិតចិនមួយចំនួនរហូតដល់អត្រា ១៤៥% ឯណោះ ដែលវាជាអត្រាដ៏ខ្ពស់បំផុតមួយបើធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀតដែលត្រូវអនុវត្តពន្ធនេះក្នុងអត្រាត្រឹម ១០% នៅក្នុងរយៈពេល ៩០ចុងក្រោយនេះ។
គួរកត់សម្គាល់ថា ដើម្បីជាការឆ្លើយតបទៅនឹងច្បាប់ដំឡើងពន្ធនាំចូលថ្មីរបស់រដ្ឋបាលអាមេរិក រដ្ឋាភិបាលក៏បានសម្រេចដំឡើងពន្ធលើផលិតអាមេរិក ដែលត្រូវនាំចូលទៅក្នុងប្រទេសចិនដូចគ្នាដែរ ដោយចិនបានដំឡើងពីអត្រា ៣៤% ទៅដល់ ៨៤%។ ការឆ្លើយតបមួយទៀតនោះ គឺប្រទេសចិនបានសម្រេចដាក់ពាក្យប្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) រួចហើយ ជុំវិញករណីខាងលើនេះ ដោយចិនបានចោទប្រកាន់ថា ការដំឡើងពន្ធរបស់អាមេរិកគឺជារឿងមិនសមហេតុផលនោះទេ ហើយវាគឺជាអត្រាខ្ពស់ជ្រុលខ្លាំងពេក។ ជាងនេះទៅទៀត រដ្ឋាភិបាលចិនធ្លាប់បានបង្ហាញជំហរថា ចិននឹងមិនចុះញ៉មជាមួយការគំរាមគំហែងរបស់អាមេរិកឡើយ ហើយចិននឹងបន្តតទល់ជាមួយអាមេរិករហូតដល់ទីបញ្ចប់៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post: