ព្យុះភ្លៀងនិងរន្ទះ បានបណ្តាលឱ្យពលរដ្ឋឥណ្ឌា ៤៧នាក់បាត់បង់ជីវិត និងជាច្រើននាក់រងរបួស
- BY
- Naren
- April 11, 2025
ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ៤៧នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែបញ្ហាព្យុះភ្លៀងនិងរន្ទះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន India Today នៅក្នុងថ្ងៃសុក្រ ទី១១ ខែមេសា។ ក្រៅតែបានបណ្តាលឱ្យមានមនុស្សស្លាប់អស់ជាច្រើននាក់ហើយ បញ្ហាធម្មជាតិខាងលើនេះក៏បានបណ្តាលឱ្យមានពលរដ្ឋឥណ្ឌាជាច្រើននាក់ផ្សេងទៀតបានរងរបួសផងដែរ។
ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិតទាំងអស់ ៤៧នាក់នោះ គឺមានពលរដ្ឋរស់នៅក្នុងរដ្ឋ Bihar ចំនួន ២៥នាក់ ដែលជាទីតាំងរងផលប៉ះពាល់ខ្លាំងជាងគេ ខណៈជនរងគ្រោះចំនួន ២២នាក់ទៀតទៀតគឺជាពលរដ្ឋរស់នៅក្នុងរដ្ឋ Uttar Pradesh។ យោងតាមការព្យាករណ៍របស់អាជ្ញាធរឥណ្ឌាបានបង្ហាញថា រដ្ឋដែលស្ថិតនៅតំបន់ភាគកើតនៃប្រទេសឥណ្ឌាទាំង ២នេះ នឹងបន្តរងឥទ្ធិពលអាក្រក់ពីបញ្ហាអាកាសក្នុងរយៈចំនួន ៦ថ្ងៃបន្ថែមទៀត ដែលវានឹងអាចធ្វើឱ្យចំនួនជនរងគ្រោះត្រូវកើនឡើងបន្ថែមទៀតផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ India Today
- Share This Post: