ការសិក្សាមួយបង្ហាញថា នយោបាយដំឡើងពន្ធនាំចូលរបស់លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តនៅអាមេរិកត្រូវខាតបង់ប្រាក់សរុបជាង ១០០ពាន់លានដុល្លារ
- BY
- Pheakdey
- April 12, 2025
អាមេរិក៖ ការសិក្សាមួយបានបង្ហាញថា នយោបាយដំឡើងពន្ធនាំចូលរបស់លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តនៅក្នុងសហរដ្ឋអាមេរិកត្រូវបង្កើនការចំណាយក្នុងទំហំទឹកប្រាក់រហូតដល់ ១០៨ពាន់លានដុល្លារអាមេរិកសម្រាប់នៅក្នុងឆ្នាំ២០២៥ នេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌល Centre for Automotive Research ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Ann Arbor រដ្ឋ Michigan សហរដ្ឋអាមេរិក ខណៈខ្លឹមសារទាំងស្រុងរបស់ការសិក្សាត្រូវបានបណ្តាញសារព័ត៌មាន The Strait Time យកមកចុះផ្សាយបន្តនៅក្នុងថ្ងៃសុក្រ ទី១១ ខែមេសា។
នៅក្នុងការសិក្សាគេបានវិភាគទៅលើការដំឡើងពន្ធជាទូទៅនៅក្នុងឧស្សាហកម្មផលិតយានយន្តក្នុងកម្រិត ២៥% ចំពោះគ្រឿងបង្គំសម្រាប់ផលិតរថយន្តនិងរថយន្តត្រូវនាំចូលទៅក្នុងសហរដ្ឋអាមេរិក និងចំនួនរថយន្តជាក់ស្តែង ដែលសហរដ្ឋអាមេរិកត្រូវការ។ ប្រភពខាងលើបានបន្តថា សម្រាប់រថយន្តមួយគ្រឿងដែលត្រូវនាំចូលទៅសហរដ្ឋអាមេរិកនឹងបង្កើនការចំណាយសម្រាប់ការបង់ពន្ធក្នុងទំហំទឹកប្រាក់ជាមធ្យមគឺ ៨,៦០០ ដុល្លារ ខណៈរថយន្តដែលដំឡើងនៅក្នុងសហរដ្ឋអាមេរិកដោយនាំចូលគ្រឿងបង្គំពីប្រទេសផ្សេងៗវិញ នឹងត្រូវបង្កើនការចំណាយក្នុងទំហំទឹកប្រាក់ជាមធ្យម ៥,០០០ដុល្លារ សម្រាប់ការដំឡើងរថយន្តចំនួនមួយគ្រឿង។ ក្នុងការសិក្សាក៏បានបង្ហាញផងដែរថា មានក្រុមហ៊ុនផលិតរថយន្តអាមេរិកធំៗចំនួន ៣ ដែលអាចរងផលប៉ះពាល់ខ្លាំងជាងគេ ដូចជាក្រុមហ៊ុន Ford Motor, General Motors និង Stellantis ដែលនឹងត្រូវបន្ថែមការចំណាយសរុបរបស់ពួកគេក្នុងទំហំទឹកប្រាក់ប្រមាណជា ៤២ពាន់លានដុល្លារ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: