អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្ត Volvo គ្រោងកាត់បន្ថយបុគ្គលិក ៨០០នាក់ ដោយសារឥទ្ធិពលច្បាប់ដំឡើងពន្ធគយរបស់លោក ដូណាល់ ត្រាំ

BY
Pheakdey
April 20, 2025

អាមេរិក៖ ក្រុមហ៊ុនផលិតរថយន្ត​ Volvo គ្រោងនឹងកាត់បន្ថយបុគ្គលិករហូតដល់ ៨០០នាក់ដោយសារតែឥទ្ធិពលនៃច្បាប់ដំឡើងពន្ធគយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអាទិត្យ ទី២០ ខែមេសា។ គម្រោងបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំនេះអាចនឹងត្រូវធ្វើឡើងនៅក្នុងរយៈពេល ៣ខែទៀត ដ្បិតទីផ្សារលក់រថយន្តរបស់ក្រុមហ៊ុនកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ពោលគឺក្រុមហ៊ុនមិនអាចព្យាករណ៍អំពីតម្រូវការនៃការផលិតរថយន្តសម្រាប់ដាក់លក់នៅលើទីផ្សារបានដូចពេលកន្លងមកនោះទេ។

ប្រភពខាងលើបានបន្តថា បុគ្គលិកដែលស្ថិតនៅក្នុងគម្រោងត្រូវកាត់បន្ថយនេះគឺជាក្រុមបុគ្គលិកនៅក្នុងផ្នែកផលិតរថយ​ន្ត Mack Trucks ដែលមានទីតាំងរោងចក្រស្ថិតនៅរដ្ឋ Pennsylvania  និងបុគ្គលិកនៅក្នុងផ្នែកផលិតគ្រឿងបរិក្ខារ ដែលមានទីតាំងរោងចក្រនៅក្នុងរដ្ឋ Virginia និងរដ្ឋ Maryland សហរដ្ឋអាមេរិក ខណៈក្រុមបុគ្គលិកទាំងអស់នោះអាចមានចំនួនចន្លោះពី ៥៥០-៨០០នាក់។ សូម បញ្ជាក់ជូនថា ក្រុមហ៊ុន Volvo​ Group មានក្រុមហ៊ុនបុត្រសម្ព័ន្ធសម្រាប់ផលិតរថយន្តនិងគ្រឿងបរិក្ខារជាច្រើនប្រភេទ ហើយក្រុមហ៊ុនមួយនេះមានបុគ្គលិកសរុបប្រមាណជា ២០,០០០នាក់ និងបានបើកដំណើរតាំងពីឆ្នាំ ១៩២៧មកម្លេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: