ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនបានប្រកាន់យកប្រទេសណាមួយ ហើយផ្តាច់ចោលទំនាក់ទំនងជាមួយប្រទេសណាមួយទេ

    BY Liny01 April 21, 2025
    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនបានប្រកាន់យកប្រទេសណាមួយ ហើយផ្តាច់ចោលទំនាក់ទំនងជាមួយប្រទេសណាមួយទេ

    យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមិនបានប្រកាន់ជំហរយកប្រទេសណាមួយ ផ្តាច់ចោលប្រទេសណាមួយនោះទេ ខណៈដែលកម្ពុជា មានទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសលើពិភពលោក។

    ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងជាការឆ្លើយតប ទៅនឹងមតិ និងការវិភាគរបស់ក្រុមអ្នកនយោបាយមួយចំនួនតូចដែលនៅក្រៅប្រទេស លើកឡើងថា កម្ពុជា កំពុងស្រវាចាប់ចិន ហើយបោះចោលសហអាមេរិក បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល២ថ្ងៃ (១៧-១៨មេសា)​។

    ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានសម្តែងការហួសចិត្ត ជាមួយមនុស្សមួយចំនួន ដែលកំពុងប្រើប្រាស់ផ្លូវល្បឿនលឿន កសាងឡើងដោយឥណទានពីចិន តែបែរជាស្តីបន្ទោសចិន និងមួយចំនួន ធ្វើការនៅក្នុងរោងចក្រ ដែលមានថៅកែជាជនជាតិចិន ដែលទទួលបានប្រាក់បៀវត្សរ៍ ខ្ទង់ពាន់ទៅហើយ នៅបន្ទោសរាជរដ្ឋាភិបាល ថា ទាញវិនិយោគពីចិនទៅទៀត ។

    ក្នុងនោះសម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ គួរតែមានមោទនភាព ដែលកម្ពុជាប្រទេសតូចមួយ តែមានទំនាក់ទំនងស្មើមុខស្មើមាត់ ជាមួយប្រទេសមហាអំណាច និងគ្រប់ប្រទេសទាំងអស់ លើពិភពលោក ខណៈដែលប្រទេសកម្ពុជា ជាប្រទេសមួយ ក្នុងចំណោមប្រទេសតែ៣គត់ ដែលប្រធានាធិបតី ស៊ី ជីនពីង ធ្វើដំណើរទស្សនកិច្ច មានវៀតណាម ម៉ាឡេស៊ី និងកម្ពុជា ។

    សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «សួរថា ទំនាក់ទំនងរវាងកម្ពុជា និងចិនខុសអ្វី នៅពេលដែលកម្ពុជា មិនបានប្រកាន់ជំហរយកប្រទេសណាមួយ ផ្តាច់ចោលប្រទេសណាទេ គឺយើងមានទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសលើពិភពលោក នេះជាជំហរនយោបាយរបស់យើង ផ្អែកទៅលើគោលការណ៍ គោរពឯករាជ្យភាព ​អធិបតេយ្យភាព និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក នេះគឺជាអ្វីដែលកម្ពុជាយើងធ្វើ ហើយខ្ញុំសូមបញ្ជាក់ ​​នេះគឺជាជំហររដ្ឋាភិបាលរប​ស់យើង យើងមិនមែនរណបពីណាគេទេ»៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: