អន្តរជាតិ

វៀតណាមផ្តើមចរចារជាមួយអាមេរិក ជុំវិញការដំឡើងពន្ធគយ ៤៦% និងបានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរពីអាមេរិក ៥០គ្រឿង

BY
Pheakdey
April 24, 2025

វៀតណាម៖ វៀតណាមនិងអាមេរិកបានចាប់ផ្តើមបើកកិច្ចចរចាជាផ្លូវការអំពីបញ្ហានៃការដំឡើងពន្ធគយលើទំនិញ ដែលត្រូវនាំចូលទៅកាន់សហរដ្ឋអាមេរិកហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា។ គួរបញ្ជាក់ជូនថា ក្នុងការអនុវត្តច្បាប់ពន្ធគយថ្មីដែលត្រូវបានប្រកាសឡើងដោយលោកប្រធានាធីបតី ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ គឺប្រទេសវៀតណាមត្រូវប្រឈមនឹងការបង់ពន្ធចំពោះទំនិញរបស់ខ្លួនក្នុងអត្រា ៤៦%។

ប្រភពខាងលើបានបន្តថា កិច្ចចរចារផ្លូវការខាងលើនេះគឺត្រូវបានធ្វើឡើងតាមរយៈការហៅទូរស័ព្ទដោយផ្ទាល់ពីសំណាក់លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាម ទៅកាន់លោក  Jamieson Greer ដែលជាអ្នកតំណាងពាណិជ្ជកម្មអាមេរិក។ ទន្ទឹមនឹងការចរចារនេះភាគីវៀតណាមក៏បានចុះកិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max ចំនួន ៥០គ្រឿងពីសហរដ្ឋអាមេរិកផងដែរ។ គួរកត់សម្គាល់ថា អាមេរិកគឺជាទីផ្សារដ៏ធំមួយសម្រាប់វៀតណាមនៅក្នុងចំណោមទីផ្សារធំៗចំនួន ២ផ្សេងទៀតគឺប្រទេសចិននិងម៉ិចស៊ីកូ ហើយនាពេលកន្លងមកវៀតណាមនិងអាមេរិកធ្លាប់មានទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាក្នុងទំហំទឹកចំនួន ១២៣,៥ ពាន់លានដុល្លារ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: