អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្ត Nissan ប្រឈមនឹងការខាតបង់ប្រាក់ ៥,៣ពាន់លានដុល្លារ ដោយសារហេតុផលសំខាន់ៗទាំងនេះ

BY
Pheakdey
April 25, 2025

ជប៉ុន៖ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន​ Nissan ប្រឈមនឹងការខាតបង់ប្រាក់រហូតដល់ ៥,៣ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៤-២០២៥ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ចំនួនទឹកប្រាក់ដែលត្រូវខាតបង់ខាងលើនេះគឺលទ្ធផលនៃការព្យាករណ៍ពីសំណាក់ក្រុមអ្នកជំនាញផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Nissan ផ្ទាល់តែម្តង ខណៈរបាយការណ៍នេះក៏ត្រូវបានចេញផ្សាយជាសាធារណៈផងដែរ។

បើតាមលោក Ivan Espinosa នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nissan បានបញ្ជាក់ថា មានហេតុផលមួយចំនួនដែលធ្វើឱ្យក្រុមហ៊ុន Nissan ត្រូវខាតបង់ប្រាក់ក្នុងបរិមាណដ៏ច្រើនមិនធ្លាប់មានខាងលើនេះ ដូចជា៖

-ក្រុមហ៊ុនកំពុងមានវិបត្តិបំណុលយ៉ាងខ្លាំង

-ការលក់រថយន្ត Nissan នៅក្នុងទីផ្សារចិនកំពុងជាប់គាំង

-ការរងឥទ្ធិពលអាក្រក់ពីច្បាប់ដំឡើងពន្ធនាំចូលអាមេរិករបស់លោក ដូណាល់ ត្រាំ

សូមរម្លឹកជូនថា កាលពីអំឡុងខែកុម្ភៈក្រុមហ៊ុន Nissan ធ្លាប់បានបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុដោយបញ្ហាថា ក្រុមហ៊ុនបានខាតបង់ប្រាក់អស់ចំនួន ៨០ពាន់លានយេន (៥៥៩លានដុល្លារ) ម្តងហើយ ខណៈថ្មីៗនេះក្រុមហ៊ុនទើបបានបញ្ចេញរបាយការណ៍ថ្មីមួយទៀតដោយបញ្ជាក់បន្ថែមទៀតថា ក្នុងរយៈពេលពេញមួយឆ្នាំ​២០២៤-២០២៥ គឺក្រុមហ៊ុននឹងត្រូវប្រឈមនឹងការខាតបង់ប្រាក់ចន្លោះពី ៧០០ពាន់លានយេន-៧៥០ពាន់លានយេន (៤,៩ពាន់លានដុល្លារ-៥,៣ពាន់លានដុល្លារ)៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: