Apple គ្រោងប្តូរទីតាំងដំឡើង iPhone សម្រាប់លក់នៅអាមេរិក ពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌា
- BY
- Pheakdey
- April 26, 2025
ក្រុមហ៊ុនផលិតទូរស័ព្ទ Apple គ្រោងប្តូរទីតាំងដំឡើងទូរស័ព្ទ iPhone សម្រាប់លក់នៅអាមេរិកពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌាទាំងស្រុងតែម្តង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃសុក្រ ទី២៥ ខែមេសា។ បើគ្មានអ្វីប្រែប្រួលទេ គម្រោងផ្លាស់ប្តូរដ៏ធំនេះនឹងត្រូវចាប់ផ្តើមធ្វើឡើងនៅដើមឆ្នាំក្រោយនេះតែម្តង ខណៈគិតត្រឹមពេលនេះក្រុមហ៊ុនបានធ្វើការផ្លាស់ប្តូរនេះបានមួយផ្នែកហើយ។
ជុំវិញគម្រោងផ្តាស់ប្តូរដ៏ធំនេះ តំណាងរបស់ក្រុមហ៊ុន Apple នៅមិនទាន់បានបញ្ជាក់លម្អិតពីការសម្រេចនេះជាសាធារណៈនៅឡើយទេ តែគេអាចយល់បានថា ទំនងជាបណ្តាលមកពីបញ្ហាចម្រូងចម្រាសចំពោះអត្រាពន្ធគយរវាងរដ្ឋាភិបាលចិននិងរដ្ឋបាលអាមេរិក។ គួររម្លឹកជូនថា នាពេលកន្លងមក ក្រុមហ៊ុន Apple មានរោងចក្រដំឡើងទូរស័ព្ទ iPhone ជាច្រើនកន្លែងនៅក្នុងប្រទេសចិន សម្រាប់ចែកចាយទៅកាន់ទីផ្សារផ្សេងៗនៅលើពិភពលោក ខណៈទូរស័ព្ទទាំងនោះត្រូវបានកំណត់ដោយច្បាប់ពាណិជ្ជកម្មថា ជាផលិតផលផលិតនៅក្នុងប្រទេសចិន។ យ៉ាងណាក្តី ថ្មីៗនេះសហរដ្ឋអាមេរិកបានប្រកាសដំឡើងពន្ធនាំចូលលើផលិតផលចិនក្នុងអត្រាដ៏ខ្ពស់ ដែលកត្តានេះបានធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនជាច្រើនដែលត្រូវនាំផលិតផលពីប្រទេសចិនទៅលក់នៅក្នុងសហរដ្ឋអាមេរិក៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post: