អន្តរជាតិ

កូរ៉េខាងជើង បង្ហាញនាវាចម្បាំងដ៏ំទំនើបបំផុតមួយ មានទម្ងន់ ៥,០០០តោន

BY
Pheakdey
April 26, 2025

កូរ៉េខាងជើង៖ ខណៈដែរបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងប្រឈមនឹងវិបត្តិនៃសង្គ្រាមពាណិជ្ជកម្មសកលនោះ ប្រទេសកូរ៉េខាងជើងឯណោះវិញបានរៀបចំកម្មវិធីបង្ហាញនាវាចម្បាំងយ៉ាងអធិកអធមមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៦ ខែមេសា។ នាវាចម្បាំងដែលជាសមិទ្ធផលថ្មីមួយនៅក្នុងវិស័យយោធាកូរ៉េខាងជើងនោះមានឈ្មោះថា Choe Hyon។

ប្រភពខាងលើបានបន្តថា នាវាចម្បាំងពិសេសមួយនេះមានទម្ងន់រហូតដល់ ៥,០០០តោន និងប្រើពេលសាងសង់អស់រយៈពេលប្រមាណជា ៤០០ថ្ងៃ។ នាវាចម្បាំង Choe Hyon ក៏ត្រូវបានទីក្រុងព្យុងយ៉ាងបញ្ជាក់ផងដែរថា ជាសព្វាវុធដ៏ទំនើបនិងមានអានុភាពខ្លាំងក្លាជាមួយបច្ចេកវិទ្យាជាន់ខ្ពស់បំផុត ដែលអាចផ្ទុកមីស៊ីលបាញ់បានទាំងក្នុងសមុទ្រ និងទៅលើអាកាស ព្រមទាំងបំពាក់គ្រាប់បែកនុយក្លេអ៊ែរតាក់ទិករយៈចម្ងាយខ្លីទៀតផង។ ថ្លែងនៅក្នុងកម្មវិធីបង្ហាញនាវាខាងលើនេះ លោក គីម ជុងអ៊ុន បានបញ្ជាក់ថា វិស័យយោធាកូរ៉េខាងជើងបានបន្តរីកចម្រើនឥតឈប់ឈរ ហើយគិតត្រឹមពេលនេះកូរ៉េខាងមានសព្វាវុធទំនើបៗគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងជាមួយប្រទេសធំៗនៅលើពិភពលោក ដែលមានបំណងចង់បង្កការគំរាមគំហែងមកលើដែនដីកូរ៉េខាងជើង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: