ថៃគ្រោងចាប់ផ្តើមប្រើប្រាស់ Drone សម្រាប់ដឹកជញ្ជូនអីវ៉ាន់ក្នុងក្រុងបាងកកនៅក្នុងឆ្នាំនេះ
- BY
- Pheakdey
- April 29, 2025
ថៃ៖ ប្រទេសថៃគ្រោងចាប់ផ្តើមប្រើប្រាស់យន្តហោះគ្មានមនុស្សមើល ឬ Drone សម្រាប់ដឹកជញ្ជូនអីវ៉ាន់ឱ្យបាននៅត្រឹមឆ្នាំ២០២៥ នេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand។ នៅក្នុងដំណាក់កាលដំបូងនេះ ការប្រើប្រាស់ Drone សម្រាប់ដឹកជញ្ជូនអីវ៉ាន់នឹងត្រូវអនុញ្ញាតតែនៅក្នុងទីក្រុងបាងកកតែប៉ុណ្ណោះ ខណៈទីតាំងផ្សេងទៀតអាចនឹងត្រូវធ្វើឡើងនៅក្នុងដំណាក់កាលបន្ទាប់ទៀត។

បើតាមលោកឧត្តមសេនីយ៍ឯក Manat Chavanaprayoon នាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃបានបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរកំពុងសិក្សាអំពីបញ្ហាសំខាន់ៗមួយចំនួនជុំវិញការប្រើប្រាស់ Drone សម្រាប់ដឹកជញ្ជូនអីវ៉ាន់នេះហើយ ដូចជា កត្តាច្បាប់ ការអភិវឌ្ឍន៍បុគ្គលិក ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សុវត្ថិភាព សន្តិសុខជាតិ និងការគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ជាដើម។ នាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលរូបនេះបានបន្តថា ក្រោយការសិក្សាលើអំពីបញ្ហាសំខាន់ៗខាងលើនេះត្រូវបានបិទបញ្ចប់ គឺ Drone ដឹកអីវ៉ាន់នៅក្នុងទីក្រុងបាងកកអាចនឹងលេចរូបរាងឡើងនៅក្នុងឆ្នាំ ២០២៥ នេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Nation Thailand
- Share This Post:






