អន្តរជាតិ

ក្រុមហ៊ុន Ford រងផលប៉ះពាល់ក្នុងទំហំទឹកប្រាក់ ១,៥ពាន់លានដុល្លារ ដោយសារគោលនយោបាយដំឡើងពន្ធគយរបស់លោក ដូណាល់ ត្រាំ

BY
Pheakdey
May 6, 2025

អាមេរិក៖ គោលនយោបាយដំឡើងពន្ធគយរបស់លោកប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ បានធ្វើឱ្យប៉ះពាល់ចំពោះវិស័យអាជីកម្មនៅតាមបណ្តាប្រទេសនិងក្រុមហ៊ុនធំៗជាច្រើននៅលើពិភពលោក ខណៈទំហំនៃការប៉ះពាល់អាចមានតិចឬច្រើនអាស្រ័យទៅតាមអត្រាពន្ធខុសៗគ្នាដែរ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី៦ ខែឧសភាបានឱ្យដឹងថា ក្រុមហ៊ុន Ford អាចនឹងប្រឈមនឹងការប៉ះពាល់ពីការដំឡើងពន្ធគយរបស់លោក ដូណាល់ ត្រាំ ក្នុងទំហំទឹកប្រាក់រហូតដល់​ ១,៥ពាន់លានដុល្លារ។

ទំហំទឹកប្រាក់ដែលក្រុមហ៊ុនផលិតរថយន្ត Ford អាចរងផលប៉ះពាល់ឬត្រូវចំណាយបន្ថែមខុសការរំពឹងទុកនេះ គឺជាការព្យាករណ៍ក្នុងរយៈពេលពេញ ១ឆ្នាំ សម្រាប់ឆ្នាំ ២០២៥ ដោយផ្អែកលើរបាយការណ៍លក់របស់ក្រុមហ៊ុនក្នុងត្រីមាសទីមួយ និងស្ថានភាពទីផ្សារនៅក្នុងពេលបច្ចុប្បន្ននេះ។ ប្រភពខាងលើបានបន្តថា គិតត្រឹមរយៈពេល ៣ខែដំបូងក្នុងឆ្នាំ​នេះ តួលេខរថយន្តរបស់ក្រុមហ៊ុន Ford បានធ្លាក់ចុះប្រមាណជា ៦៥% ខណៈនៅក្នុងរយៈពេលរហូតដល់ចុងឆ្នាំ គេបានព្យាករណ៍ថា ការលក់របស់ក្រុមហ៊ុន Ford អាចនឹងមានសន្ទុះឡើងវិញបន្តិច ក៏ប៉ុន្តែក្រុមហ៊ុននៅតែមិនអាចរកប្រាក់ចំណូលបានតាមការរំពឹងទុក ឬគ្រប់គោលដៅដូចកាលពីឆ្នាំមុននោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: