អន្តរជាតិ

យន្តហោះដឹកអ្នកដំណើរជាច្រើនគ្រឿង ត្រូវបង្ខំចិត្តប្តូរផ្លូវហោះហើរ ឬលុបចោលជាបន្ទាន់ ដោយសារការវាយប្រហារគ្នារវាងឥណ្ឌានិងប៉ាគីស្ថាន

BY
Pheakdey
May 7, 2025

តៃវ៉ាន់៖ យន្តហោះដឹកអ្នកដំណើរជាច្រើននៅក្នុងតំបន់អាស៊ីនត្រូវបង្ខំចិត្តប្តូរផ្លូវហោះហើរ ឬក៏ត្រូវលុបចោលជើងហោះហើរតែម្តង ដោយសារតែការវាយប្រហារគ្នារវាងកម្លាំងនៃប្រទេសឥណ្ឌានិងប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៧ ខែឧសភា។ ក្រុមហ៊ុនអាកាសចរណ៍ EVA Air របស់តៃវ៉ាន់បានបញ្ជាក់ថា នឹងធ្វើការកែសម្រួលគ្រប់ជើងហោះហើររបស់ក្រុមហ៊ុនខ្លួនទាំងទៅនិងមកតំបន់អឺរ៉ុប ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ។

គួរកត់សម្គាល់ថា កាលពីយប់មិញនេះការវាយប្រហារមួយបានកើតឡើងរវាងកងកម្លាំងនៃប្រទេសឥណ្ឌានិងកងកម្លាំងនៃប្រទេសប៉ាគីស្ថាន ខណៈខាងប៉ាគីស្ថានបានបញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ឥណ្ឌាបានជាច្រើនគ្រឿង។ សូមរម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសរវាងប្រទេសឥណ្ឌានិងប៉ាគីស្ថាននៅពេលនេះបានផ្តើមចេញពីករណី មានការបាញ់សម្លាប់អ្នកទេសចរណ៍ឥណ្ឌាជាច្រើននាក់នៅតំបន់កាស្មៀ ខណៈប្រទេសទាំង ២នេះ តែងមានជម្លោះជាមួយគ្នាជាយូរឆ្នាំមកហើយ និងធ្លាប់បានប្រយុទ្ធគ្នាជាច្រើនដងផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: