លោក Robert Francis Prevost ត្រូវបានបោះឆ្នោតឱ្យក្លាយជា “សម្តេចប៉ាបឡេអុងទី១៤” និងជាពលរដ្ឋអាមេរិកទី១ ដែលបានកាន់តំណែងកំពូលមួយនេះ
- BY
- Pheakdey
- May 9, 2025
វ៉ាទីកង់៖ មេដឹកនាំប្រទេសជាច្រើននៅជុំវិញពិភពលោកបានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានរបស់លោក Robert Francis Prevost ដែលត្រូវបានគេបោះឆ្នោតឱ្យក្លាយជាសម្តេចប៉ាបថ្មីសម្រាប់ដឹកនាំអ្នកកាន់សាសនាកាតូលិកប្រមាណជា ១,៤ពាន់លាននាក់នៅជុំវិញពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី៩ ខែឧសភា។ ចាប់ពីពេលនេះតទៅសម្តេចប៉ាបថ្មីនឹងត្រូវបានប្រសិទ្ធនាមថា សម្តេចប៉ាបឡេអុងទី១៤ (Pope Leo XIV )។
ប្រភពខាងលើបានបន្តថា សម្តេចប៉ាបឡេអុងទី១៤ ដែលមានព្រះជន្មាយុ ៦៩ព្រះវស្សា បានក្លាយជាសម្តេចប៉ាបលើកទី១ក្នុងប្រវត្តិសាស្រ្ត ដែលមានដើមកំណើតជាជនជាតិអាមេរិក។ ភ្លាមៗក្រោយពិភពលោកបានរកឃើញប្រមុខដឹកនាំកំពូលរបស់អ្នកកាន់សាសនាកាតូលិកនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្តែងនូវការអបអរយ៉ាងខ្លាំង និងបាននិយាយថា វាជាកិត្តិយសធំធេងណាស់ចំពោះអាមេរិកដែលមានជនជាតិរបស់ខ្លួនត្រូវបានជ្រើសរើសជាសម្តេចប៉ាបដូចនេះ។ សូមបញ្ជាក់ជូនថា សម្តេចប៉ាបឡេអុងទី១៤ ត្រូវបានក្រុមមន្រ្តីសង្ឃកាតូលិកចំនួន១៣៣អង្គនៅក្នុងពិភពលោកបោះឆ្នោតជ្រើសរើសឱ្យបន្តវេនពីសម្តេចប៉ាបហ្វ្រង់ស័រ ដែលបានសុគតកាលពីថ្ងៃទី ២១មេសាកន្លងទៅ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post: