អាជ្ញាធរថៃសម្រេចព្យួរការងារវេជ្ជបណ្ឌិត ២រូប ជុំវិញករណីបំពានលើក្រមសីលធម៌ការងារក្នុងពេលព្យាបាល លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា
- BY
- Pheakdey
- May 9, 2025
ថៃ៖ ក្រុមប្រឹក្សាវេជ្ជសាស្រ្ដថៃបានសម្រេចព្យួរការងារវេជ្ជបណ្ឌិតចំនួន ២រូប ជុំវិញករណីបានរំលោភលើក្រមសីលធម៌ក្នុងពេលព្យាបាលអតីតនាយករដ្ឋមន្ត្រីថៃ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នាពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី៩ ខែឧសភា។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសនេះបានកើតឡើងតាំងពីអំឡុងខែសីហា ឆ្នាំ២០២៣ម្លេះ ពោលគឺនៅពេលដែលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវត្រឡប់ចូលក្នុងប្រទេសថៃវិញ ក្រោយការនិរទេសខ្លួនអស់រយៈពេលជាងមួយទសវត្សរ៍។
ក្នុងពេលធ្វើមាតុភូមិនិវត្តន៍នោះ ថាក់ស៊ីន ស៊ីណាវ៉ាត្រា វ័យ ៧៥ឆ្នាំ ត្រូវប្រឈមនឹងការទទួលទោសជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ជុំវិញការចោទប្រកាន់អំពីករណីពុករលួយនិងការរំលោភអំណាចក្នុងពេលបំពេញការងារជានាយករដ្ឋមន្ត្រីថៃ។ យ៉ាងណាក្តី ក្រោយពេលបញ្ជូនទៅដល់មន្ទីរឃុំឃាំងបានបន្តិចប៉ុណ្ណោះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក៏ត្រូវបានផ្ទេរឱ្យទៅសម្រាកព្យាបាលនៅក្នុងបន្ទប់ពេទ្យឯកជនមួយ ក្រោមហេតុផលសុខភាពចាំបាច់។ ជុំវិញបញ្ហានេះដែរ ក្រុមប្រឹក្សាវេជ្ជសាស្រ្ដថៃបានរកឃើញថា មានវេជ្ជបណ្ឌិតចំនួន ២នាក់ បានចេញលិខិតបញ្ជាក់សុខភាពខុសប្រក្រតីមួយចំពោះបញ្ហាសុខភាពរបស់លោក ថាក់ស៊ីនស៊ីណាវ៉ាត្រា ពោលគឺរបាយការណ៍សុខភាពខុសពីស្ថានភាពជាក់ស្តែង ដើម្បីជួយសម្រួលឱ្យរូបគាត់បានស្នាក់នៅក្រៅមន្ទីរឃុំឃាំង។ យ៉ាងណាក្តី អាជ្ញាធរថៃមិនបានបញ្ជាក់អំពីរយៈពេលនៃការព្យួរការងារ និងអត្តសញ្ញាណរបស់វេជ្ជបណ្ឌិតទាំង ២រូបនោះទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post: