ព័ត៌មានជាតិ

ក្រសួងអប់រំ រៀបចំការប្រកួតផលិតវីដេអូអប់រំ ពាក់ព័ន្ធពីផលប៉ះពាល់នៃបារីអេឡិចត្រូនិក

BY
soknita
May 9, 2025

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងពី ការត្រៀមរៀបចំការប្រកួតផលិតវីដេអូអប់រំ ពាក់ព័ន្ធពីផលប៉ះពាល់នៃបារីអេឡិចត្រូនិក សម្រាប់សិស្សមធ្យមសិក្សា និងជានិស្សិតឧត្តមសិក្សា ទាំងគ្រឹះស្ថានសាធារណៈ និងឯកជនអាចចូលរួមប្រកួតក្នុងកម្មវិធីនេះ។ ចំពោះគោលបំណងនៃប្រកួតផលិតវីដេអូអប់រំមួយនេះ គឺដើម្បីកាត់បន្ថយហានិភ័យសុខភាពរបស់ធនធានមនុស្ស បង្កឡើងដោយការប្រើប្រាស់បារីអេឡិចត្រូនិក។

ដោយឡែកលក្ខខណ្ឌនៃការប្រកួតផលិតវីដេអូអប់រំ ពាក់ព័ន្ធពីផលប៉ះពាល់នៃបារីអេឡិចត្រូនិកនេះមានដូចខាងក្រោម៖

-ជាសិស្សមធ្យមសិក្សា និងជានិស្សិតឧត្តមសិក្សានៅតាមគ្រឹះស្ថានសាធារណៈ និងឯកជនក្នុងរាជធានីភ្នំពេញ

-ខ្លឹមសារស្តីពី ផលប៉ះពាល់នៃការប្រើប្រាស់ ចែកចាយ នាំចូល ស្តុកទុក បារីអេឡិចត្រូនិកនឹងវិធានការទប់ស្កាត់លុបបំបាត់បារីអេឡិចត្រូនិក

-វីដេអូ រយៈពេល ៦០វិនាទី-១៥០វិនាទី

-រូបភាព និងសំឡេងច្បាស់ល្អ

-បេក្ខជន ត្រូវបង្ហោះវីដេអូក្នុងបណ្តាញព័ត៌មានសង្គម (ហ្វេសប៊ុក តិកតុក យូធូប និង ទម្រង់ផ្សេងទៀត) អោយបានច្រើនបំផុតតាមដែលអាចធ្វើបាន។

-ការវាយតម្លៃជ័យលាភីផ្អែកលើចំនួនអ្នកចូលមើលច្រើនបំផុត

ក្នុងនោះ ចំពោះជ័យលាភីលេខ ១ ទទួលបាន ៣ ២០០ ០០០៛ លេខ ២ ទទួលបាន ២ ៤០០ ០០០៛ និង លេខ ៣ ទទួលបាន ១ ៦០០ ០០០៛ ហើយក៏មានប្រាក់រង្វាន់លើកទឹកចិត្ត២នាក់ក្នុងម្នាក់ ៤០០ ០០០៛ ផងដែរ។

កាលបរិច្ឆេទចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ដំណាច់ ខែឧសភា ឆ្នាំ ២០២៥ គ្រប់គ្រឹះស្ថានសិក្សា ត្រូវបញ្ជូនរបាយការណ៍ស្តីពីចំនួនអ្នកចូលរួម មកនាយកដ្ឋានសខភាពសិក្សា។ ចាប់ពីខែមិថុនា ដល់ដំណាច់ ខែសីហា ឆ្នាំ ២០២៥ សិស្ស និស្សិតផលិត និងបង្ហោះ វីដេអូ ក្នុងបណ្តាញព័ត៌មានសង្គម ដើម្បីទទួលអ្នកមើលច្រើនបំផុត។ សម្រាប់ព័ត៌មានបន្ថែម ០១៦ ៤៧៩ ៤២៩/០៩៦ ៨៥២ ៣៣៨៩ រីឯស្កេនតេឡេក្រាម ០៨៨ ២៩៣ ៧៣៣៦៕

ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា

Share This Post: