ក្រសួងព័ត៌មាន លើកកម្ពស់សមត្ថភាពមន្ត្រីលើ «ជំនាញសរសេរព័ត៌មានតាមគេហទំព័រ» ដើរឱ្យទាន់បច្ចេកវិទ្យាឌីជីថល
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានរៀបចំវគ្គបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពមន្ត្រីលើ «ជំនាញសរសេរព័ត៌មានតាមគេហទំព័រ» ដើម្បីដើរឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និងពង្រឹងគុណភាពនៃការផ្សព្វផ្សាយនៅតាមមន្ទីរព័ត៌មានរាជធានី-ខេត្ត។ ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព បច្ចេកទេស និងទម្រង់នៃការសរសេរឱ្យកាន់តែមានប្រសិទ្ធភាព ទាក់ទាញ និងទាន់ហេតុការណ៍។

នៅក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត ឆាយ សុផល បានគូសបញ្ជាក់ថា ការសរសេរព័ត៌មានសម្រាប់គេហទំព័រ (Website) និងបណ្តាញផ្សព្វផ្សាយសង្គម គឺទាមទារនូវចំណុចគន្លឹះសំខាន់ៗដូចជា៖ ខ្លឹមសារត្រូវខ្លី ខ្លឹម ចំចំណុចសំខាន់ និងងាយយល់ , ការដាក់ចំណងជើងត្រូវមានភាពទាក់ទាញអ្នកអាន ប៉ុន្តែត្រូវរក្សាបាននូវការពិត និងមិនបំផ្លើស ហើយត្រូវរៀបចំអត្ថបទដើម្បីឱ្យងាយស្រួលស្វែងរកនៅលើប្រព័ន្ធអ៊ីនធឺណិត។ ឯកឧត្ដមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែផ្តល់នូវចំណេះដឹងផ្នែកទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការអនុវត្តជាក់ស្តែង លើការសរសេរ និងការបង្ហោះព័ត៌មានផ្ទាល់នៅលើប្រព័ន្ធគ្រប់គ្រងគេហទំព័រផងដែរ។
ឯកឧត្ដមបណ្ឌិត រំពឹងថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ មន្ត្រីព័ត៌មានទាំងអស់នឹងយកចំណេះដឹងដែលទទួលបាន ទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួន ដើម្បីធ្វើឱ្យគេហទំព័រផ្លូវការរបស់រដ្ឋ ក្លាយជាប្រភពព័ត៌មានដ៏មានទំនុកចិត្ត និងជាទីពឹងផ្អែករបស់ប្រជាពលរដ្ឋ៕



ប្រភព ក្រសួងព័ត៍មាន