មនុស្ស ៦នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅស្រីលង្កា
- BY
- Pheakdey
- May 10, 2025
ស្រីលង្កា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅក្នុងប្រទេសស្រីលង្កា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៩ ខែឧសភា។ ឧទ្ធម្ភាគចក្រដែលបានជួបគ្រោះថ្នាក់នោះគឺជាឧទ្ធម្ភាគចក្រប្រភេទ Bell 212 ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពជើងអាកាសស្រីលង្កា។
បើតាមលោក Eranda Geeganage ដែលជាអ្នកនាំពាក្យឱ្យកងទ័ពជើងអាកាសស្រីលង្កាបានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺសុទ្ធតែជាមន្ត្រីយោធានៃកងទ័ពជើងអាកាស ដោយនៅក្នុងនោះមាន ៤នាក់ជាកងកម្លាំងពិសេស និង ២នាក់ផ្សេងទៀតគឺជាខ្មាន់កាំភ្លើង ដែលមានជំនាញបាញ់កាំភ្លើងពីលើយន្តហោះទៅកាន់គោលដៅឆ្ងាយៗ។ លោក Eranda Geeganage បានបន្តថា ការធ្លាក់ឧទ្ធម្ភាគចក្រនេះបានកើតឡើងក្នុងអំឡុងពេលហ្វឹកហ្វាត់ ខណៈមូលហេតុនៃការធ្លាក់នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: