តៃវ៉ាន់ បាញ់សាកល្បងប្រព័ន្ធរ៉ុកកែតដ៏ទំនើបបំផុតមួយជាលើកដំបូង ដែលផ្គត់ផ្គង់ដោយអាមេរិក
- BY
- Pheakdey
- May 13, 2025
តៃវ៉ាន់៖ តៃវ៉ាន់បានធ្វើការបាញ់សាកល្បងប្រព័ន្ធរ៉ុកកែតដ៏ទំនើបបំផុតមួយជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃចន្ទ ទី១២ ខែឧសភា។ ប្រព័ន្ធរ៉ុកកែតដ៏ទំនើប ដែលតៃវ៉ាន់បានប្រើប្រាស់ក្នុងការបាញ់សាកល្បងនោះមានឈ្មោះថា High Mobility Artillery Rocket Systems ឬអាចប្រែសម្រួលថា ជាប្រព័ន្ធរ៉ុកកែតកាំភ្លើងធំចល័តកម្រិតខ្ពស់។

ប្រភពខាងលើបានបន្តថា ប្រព័ន្ធរ៉ុកកែត High Mobility Artillery Rocket Systems គឺជាបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយរបស់សហរដ្ឋអាមេរិក ហើយប្រព័ន្ធអាវុធប្រភេទនេះក៏កំពុងត្រូវបានក្រុមយោធាអ៊ុយក្រែនប្រើប្រាស់ក្នុងការធ្វើសង្គ្រាមជាមួយរុស្ស៊ីផងដែរ។ គួររម្លឹកជូនថា តៃវ៉ាន់បានបញ្ជាទិញប្រព័ន្ធរ៉ុកកែត High Mobility Artillery Rocket Systems ពីក្រុមហ៊ុនអាមេរិក Lockheed Martin ចំនួន ២៩គ្រឿង តែនៅក្នុងឆ្នាំនេះ តៃវ៉ាន់អាចទទួលបានត្រឹមតែចំនួន ១១គ្រឿងសិនប៉ុណ្ណោះ ខណៈប្រព័ន្ធរ៉ុកកែតចំនួន ១៨គ្រឿងផ្សេងទៀតនឹងត្រូវទទួលបាននៅក្នុងឆ្នាំក្រោយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






