អាជ្ញាធរថៃឃាត់ខ្លួនបុរសចិន ២នាក់ និងរឹបអូសគ្រឿងសម្អាងក្លែងក្លាយតម្លៃសរុបជាង ១,៥លានដុល្លារ ដែលត្រៀមដាក់លក់លើទីផ្សារ Online
- BY
- Pheakdey
- May 19, 2025
ថៃ៖ អាជ្ញាធរថៃបានរឹបអូសគ្រឿងសម្អាង អាហារ និងសម្ភារប្រើប្រាស់ក្លែងក្លាយ ដែលសុទ្ធតែជាទំនិញពេញនិយមនៅក្នុងទីផ្សារ Online មានតម្លៃសរុបប្រមាណជា ៥២លានបាត (១,៥៧ លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែឧសភា។ ផលិតផលក្លែងក្លាយទាំងអស់នេះត្រូវបានរកឃើញនៅក្នុងឃ្លាំងក្នុងតំបន់ដាច់ស្រយាលមួយ ស្ថិតនៅក្នុងស្រុក Muang ខេត្ត Phang Nga ភាគខាងត្បូងប្រទេសថៃ។

បើតាមលោកឧត្តមសេនីយ៍ទោ Thatsapoom Charupratya មេបញ្ជាការផ្នែកបង្រ្កាបឧក្រិដ្ឋកម្មសេដ្ឋកិច្ចបានបញ្ជាក់ថា ផលិតផលក្លែងក្លាយទាំងអស់នេះត្រូវបានរត់ពន្ធដោយខុសច្បាប់មកពីប្រទេសចិន និងធ្វើការចែកចាយនៅតាមទីផ្សារ Online ទូទាំងប្រទេសថៃ។ ក្នុងការបង្ក្រាបករណីបទល្មើសខាងលើនេះ អាជ្ញាធរថៃបានរឹបអូសគ្រឿងសម្អាងក្លែងក្លាយសរុបចំនួន ៧៨,២២៣ ទូរស័ព្ទចំនួន ១២គ្រឿង អាហារក្លែងក្លាយជាច្រើនកញ្ចប់ និងសម្ភារក្លែងក្លាយមួយចំនួន ហើយអាជ្ញាធរថៃក៏បានឃាត់បុរសជនជាតិចំនួន ២នាក់ ដែលជាម្ចាស់ផលិតផលទាំងអស់នេះ ដោយនៅក្នុងនោះម្នាក់មានឈ្មោះ Jiaxian Ouyang អាយុ ២៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ Hang Zou អាយុ ១៩ ឆ្នាំ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






