អន្តរជាតិ

មនុស្ស ៦នាក់បានបាត់បង់ជីវិត, ១៤នាក់កំពុងបាត់ខ្លួន​ ក្នុងហេតុការណ៍បាក់ដីនៅតំបន់អណ្តូងរ៉ែមាសមួយកន្លែងនៅឥណ្ឌូណេស៊ី

BY
Pheakdey
May 20, 2025

ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការបាក់ដីនៅតំបន់អណ្តូងរ៉ែមាសមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Papua ភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៥។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះក៏មានមនុស្សចំនួន ១៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។

ប្រភពខាងលើបានបន្តថា ទាំងជនរងគ្រោះបានស្លាប់បាត់បង់ជីវិត និងកំពុងបាត់ខ្លួនគឺសុទ្ធតែជាក្រុមកម្មករកំពុងបម្រើការងារនៅក្នុងការដ្ឋានអណ្តូងរ៉ែមាសខាងលើ ខណៈអត្តសញ្ញាណរបស់ពួកគេមិនត្រូវបានបង្ហាញជូនជាសាធារណៈឡើយ។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានឱ្យដឹងថា ហេតុការណ៍បាក់ដីខាងលើនេះបានកើតឡើងក្រោយតំបន់រងគ្រោះបានទទួលរងសម្ពាធទឹកភ្លៀងធ្លាក់ក្នុងបរិមានយ៉ាងច្រើននៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយបញ្ហាអាកាសធាតុដ៏អាក្រក់នេះក៏បានផ្តល់ការលំបាកយ៉ាងខ្លាំងក្នុងការស្វែងរកជនរងគ្រោះផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: