អាមេរិកនឹងមានសេវាកម្មធ្វើតេស្តឈាមស្វែងជំងឺ “វង្វេងស្មារតី” ជាលើកដំបូងនៅចុងខែមិថុនា
- BY
- Pheakdey
- May 21, 2025
អាមេរិក៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកអាមេរិកនឹងអនុញ្ញាតឱ្យមានការធ្វើតេស្តឈាមដើម្បីស្វែងរកជំងឺវង្វេងជាលើកដំបូងនៅចុងខែមិថុនាខាងមុខនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២១ ខែឧសភា។ នៅក្នុងដំណាក់កាលដំបូង សេវាកម្មធ្វើតេស្តឈាមរកប្រភេទជំងឺដ៏កម្រនេះនឹងត្រូវដាក់ឱ្យពលរដ្ឋប្រើប្រាស់នៅក្នុងមន្ទីរពេទ្យឯកទេស និងវិទ្យាស្ថានស្រាវជ្រាវជាតិចំនួនត្រឹម ៥០ប៉ុណ្ណោះនៅទូទាំងសហរដ្ឋអាមេរិក ពោលគឺនៅមិនទាន់មានភាពទូលំទូលាយនៅឡើយទេ។
បើតាមលោក Goki Ishikawa ប្រធានក្រុមហ៊ុន Fujirebio Holdings Inc ដែលជាក្រុមហ៊ុនមួយមានចំណែកចូលរួមអភិវឌ្ឍកម្មវិធីធ្វើតេស្តឈាមដ៏ពិសេសនេះបានបញ្ជាក់ថា ការធ្វើតេស្តឈាមដើម្បីស្វែងរកជំងឺវង្វេងអាចបង្ហាញលទ្ធផលក្នុងរយៈពេលត្រឹមតែ ៣០ប៉ុណ្ណោះ ខណៈពលរដ្ឋដែលអាចទៅទទួលយកការធ្វើតេស្តឈាមនេះគឺជាក្រុមពលរដ្ឋដែលមានអាយុយ៉ាងតិចណាស់ ៥៥ឆ្នាំ។ ប្រភពខាងលើបានបន្តថា ការធ្វើតេស្តឈាមដើម្បីស្វែងរកថា អ្នកណាម្នាក់មានជំងឺវង្វេងឬអត់នោះអាចផ្តល់គុណប្រយោជន៍យ៉ាងច្រើនចំពោះអ្នកជំងឺ ពោលគឺពួកគាត់អាចដឹងថាខ្លួនកំពុងមានជំងឺវង្វេងនៅក្នុងដំណាក់ដំបូង ហើយអាចព្យាយាមស្វែងរកការព្យាបាល ឬការបំប៉នសុខភាពខួរក្បាលផ្សេងៗ ដើម្បីទប់ស្កាត់កុំឱ្យពួកគាត់ក្លាយទៅជាមនុស្សវង្វេងស្មារតីទាំងស្រុងបាននៅពេលមានអាយុកាន់តែចាស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






