ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ បញ្ជាក់ថាទំនាក់ទំនងរវាងលោកជាមួយនឹងលោក Elon Musk បានបញ្ចប់ហើយ

    BY Pheakdey June 8, 2025
    លោក ដូណាល់ ត្រាំ បញ្ជាក់ថាទំនាក់ទំនងរវាងលោកជាមួយនឹងលោក Elon Musk បានបញ្ចប់ហើយ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសជាសាធារណៈថា ទំនាក់ទំនងរបស់លោកជាមួយនឹងលោកមហាសេដ្ឋី Elon Musk ត្រូវបានបញ្ចប់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអាទិត្យ ទី៨ ខែមិថុនា។ ការបញ្ជាក់អំពីការបញ្ចប់ទំនាក់ទំនងនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដែលលោក ដូណាល់ ត្រាំ បានផ្តល់បទសម្ភាសន៍ទៅកាន់ក្រុមអ្នកកាសែត NBC តាមរយៈទូរស័ព្ទនាចុងសប្តាហ៍នេះ។

    នៅក្នុងបទសម្ភាសន៍ដដែលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានលើកឡើងផងដែរថា ការបញ្ចប់ទំនាក់ទំនងនេះអាចផ្តល់នូវផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះគណបក្សសាធារណរដ្ឋ ដែលជាគណបក្សកំពុងដឹកនាំរដ្ឋាភិបាលអាមេរិក ក្នុងករណីលោកមហាសេដ្ឋី Elon Musk ងាកទៅគាំទ្រគណបក្សប្រជាធិបតេយ្យវិញម្តង។ សូមរម្លឹកជូនថា នាពេលកន្លងមកលោកមហាសេដ្ឋី Elon Musk បានផ្តល់ប្រាក់យ៉ាងច្រើនទៅកាន់គណបក្សសាធារណរដ្ឋសម្រាប់ធ្វើការឃោសនានយោបាយនិងធ្វើកិច្ចការសំខាន់ៗជាច្រើនទៀត រហូតមានការលើកឡើងថា បើគ្មានលោក Elon Musk ជួយគាំទ្រគណបក្សសាធារណរដ្ឋយ៉ាងពេញទំហឹងនោះទេ ទំនងជាលោក ដូណាល់ ត្រាំ មិនអាចឈ្នះការបោះឆ្នោតនិងអាចកាន់ដំណែងជាប្រធានាធិបតីនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: