អន្តរជាតិ

ក្រុមហ៊ុន Nike នឹងត្រូវបន្ថែមការចំណាយ ១ពាន់លានដុល្លារ​ ដោយសារច្បាប់ដំឡើងពន្ធគយរបស់លោក ដូណាល់ ត្រាំ

BY
Pheakdey
June 27, 2025

អាមេរិក៖ ក្រុមហ៊ុន Nike បានឱ្យដឹងថា​ ច្បាប់ដំឡើងពន្ធថ្មីរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងធ្វើឱ្យក្រុមហ៊ុនខ្លួនត្រូវបន្ថែមការចំណាយរហូតដល់​១ពាន់លានដុល្លា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ BBC នៅក្នុងថ្ងៃសុក្រ ទី២៧ ខែមិថុនា។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា Nike គឺជាក្រុមហ៊ុនអាមេរិក ដែលមានរោងចក្រផលិតសម្លៀកបំពាក់ភាគច្រើននៅក្នុងប្រទេសចិន។

មិនខុសពីក្រុមហ៊ុនធំៗមួយចំនួនរបស់អាមេរិកដែរ គឺបន្ទាប់ពីផលិតជាសម្លៀកបំពាក់រួចរាល់ហើយ ទើបក្រុមហ៊ុន Nike នាំយកផលិតផលសម្រេចរបស់ខ្លួនពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចែកចាយបន្តនៅកាន់ទីផ្សារនៅជុំវិញពិភពលោក។ ការសម្រេចប្រើប្រាស់ចង្វាក់ផលិតកម្មក្នុងទម្រង់ខាងលើនេះគឺដោយសារតែថ្លៃដើមនៃការផលិតសម្លៀកពាក់នៅក្នុងប្រទេសចិនមានតម្លៃទាប។ យ៉ាងណាក្តី យោងទៅតាមច្បាប់ដំឡើងពន្ធគយថ្មីរបស់លោក ដូណាល់ ត្រាំ ដែលបានគិតថ្លៃពន្ធនាំចូលពីប្រទេសចិនក្នុងអត្រាដ៏ខ្ពស់នោះ គឺវាបានធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនធំៗជាច្រើន រួមទាំងក្រុមហ៊ុនចិន និងក្រុមហ៊ុនអាមេរិកខ្លួនឯងផងដែរ ពោលគឺគ្រប់ទំនិញដែលផលិតនៅក្នុងប្រទេសចិនត្រូវតែបង់ពន្ធនាំចូលអាមេរិកខ្ពស់ជាងមុន៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

Share This Post: