ចិនព្រមានពលរដ្ឋខ្លួនឱ្យប្រុងប្រយ័ត្នចំពោះឱកាសការងារល្អៗនៅប្រទេសថៃ ក្រោយមានករណីបុរសចិនម្នាក់បានបាត់ខ្លួនពេលទៅធ្វើការក្នុងប្រទេសថៃ
- BY
- Pheakdey
- July 4, 2025
ចិន៖ ស្ថានទូតចិនប្រចាំនៅក្នុងប្រទេសថៃបានព្រមានពលរដ្ឋចិនឱ្យមានការប្រុងប្រយ័ត្នចំពោះករណីផ្តល់ជូនឱកាសការងារល្អៗជាមួយនឹងប្រាក់ខែខ្ពស់នៅក្នុងប្រទេសថៃ ដ្បិតករណីទាំងនោះអាចជាការបោកប្រាស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៤ ខែកក្កដា។ សេចក្តីព្រមានខាងលើនេះត្រូវបានផ្សព្វផ្សាយក្រោយមានករណីពលរដ្ឋចិនម្នាក់បានបាត់ខ្លួនក្រោយពេលមកទទួលយកឱ្យការងារថតរូបដាក់គម្របទស្សនាវដ្តីនៅក្នុងប្រទេសថៃកាលអំឡុងពេលដើមខែមិថុនាកន្លងទៅនេះ។ ពលរដ្ឋចិនដែលបានបាត់ខ្លួននេះត្រូវបានស្ថានទូតចិនឱ្យដឹងត្រឹមថា មានឈ្មោះ Zhong ភេទប្រុស និងមានអាយុ ២៣ឆ្នាំ។
យ៉ាងណាក្តី ការបាត់ខ្លួនរបស់លោក Zhong មិនត្រូវបានអ្នកណាម្នាក់ដឹងឡើយ ទើបកាលពីប៉ុន្មានសប្តាហ៍មុនគាត់នេះបានតេទូរស័ព្ទទៅកាន់ប្អូនស្រីរបស់គាត់នៅក្នុងប្រទេសចិន និងបានប្រាប់នាងពីស្ថានភាពរបស់គាត់ ខណៈលោក Zhong ខ្លួនឯងផ្ទាល់មិនបានដឹងថា រូបគាត់កំពុងនៅទីណានោះទេ។ ក្រោយទទួលបានដំណឹងនេះភ្លាម ប្អូនស្រីរបស់លោក Zhong ក៏បានរាយការណ៍ករណីនេះទៅកាន់ស្ថានទូតចិននៅក្នុងប្រទេសថៃ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍។ បើតាមស្ថានទូតចិនបានញ្ជាក់ថា លោក Zhong ត្រូវបានគេចាប់យកទៅប្រទេសមីយ៉ាន់ម៉ានិងបង្ខំឱ្យធ្វើការងារជាអ្នកឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនៅទីនោះ ហើយគិតត្រឹមពេលនេះលោក Zhong ត្រូវបានជួយសង្គ្រោះឱ្យមានសេរីភាពជាធម្មតាវិញហើយ៕
អត្ថបទ៖ ភក្តី
ប្រភព៖The Strait Time
- Share This Post: