អន្តរជាតិ

ឥទ្ធិពលរបស់ព្យុះត្រូពិច Danas បានបណ្តាលឱ្យពលរដ្ឋតៃវ៉ាន់ ២នាក់បាត់បង់ជីវិត និងជាង ៦០០នាក់រងរបួស

BY
Pheakdey
July 8, 2025

តៃវ៉ាន់៖ យ៉ាងហោចណាស់មានមពលរដ្ឋតៃវ៉ាន់ចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះត្រូពិច Danas នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅក្នុងថ្ងៃអង្គារ ទី៨ ខែកក្កដា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ បាតុភូតធម្មជាតិនេះក៏បានបណ្តាលឱ្យមានមនុស្សជាង ៦០០នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។

ប្រភពខាងលើបានបន្តថា ព្យុះត្រូពិច Danas បានបោកបក់ក្នុងល្បឿនប្រមាណជា ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ចេញពីខេត្ត Zhejiang ប្រទេសចិនឆ្ពោះទៅកាន់តំបន់ភាគកណ្តាលកោះតៃវ៉ាន់ ហើយឥទ្ធិពលរបស់ព្យុះកំណាចនេះបានបង្កឱ្យមានខ្យល់បោកបក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតាមតំបន់សំខាន់ៗជាច្រើនលើកោះតៃវ៉ាន់។ បើតាមអាជ្ញាធរឧតុនិយមតៃវ៉ាន់បានឱ្យដឹងថា ព្យុះត្រូពិច Danas នឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបន្ថែមទៀត ហើយក៏អាចបង្កឱ្យមានទឹកជំនន់នៅតាមតំបន់មួយចំនួនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: